បណ្តាញសង្គម

ស្ងាត់ៗធ្លាយដំណឹងថា វណ្ណដា នឹងឡើងសម្ដែងជាពិសេសលើឆាកកម្មវិធីអន្តរជាតិធំៗដល់ទៅ ២ ឆាប់ៗនេះ

បើតាមសេចក្ដីប្រកាសផ្លូវការពី កម្មវិធីធំៗ ២ បានបង្ហាញថា តារារ៉េបដ៏ល្បីប្រចាំប្រទេសកម្ពុជា គឺ វណ្ណដា នឹងមានវត្តមានសម្ដែងជាពិសេសក្នុងកម្មវិធីនាពេលឆាប់ៗ។

កាលពីថ្ងៃទី២២ ខែសីហា ទំព័រហ្វេសប៊ុកផ្លូវការ Big Mountain Music Festival បានបង្ហោះ Poster ជាផ្លូវការ ដោយបង្ហាញសមសភាពតារាដែលនឹងត្រូវឡើងសម្ដែងនៅប្រទេសថៃ។ អ្វីដែលជាការកត់សម្គាល់ ក្នុងចំណោមបញ្ជីឈ្មោះតារាដែលមាននៅលើ Poster នោះ ក៏មាន វណ្ណដា ដែរ។ រីឯកម្មវិធីលំដាប់អន្តរជាតិមួយទៀតគឺ ASEAN Music Showcase Festival ដែលនឹងធ្វើឡើងនៅប្រទេស សិង្ហបុរី ពីថ្ងៃទី១០ ដល់ទី១១ ខែកញ្ញា ឆ្នាំ២០២២។

កម្មវិធីនេះដែរ ក៏បានអញ្ជើញតារា ៣ រូបពីកម្ពុជា រួមមាន វណ្ណដា កៅ សុភា និង វណ្ណថាន។ ដោយឡែកក្រៅពីកម្ពុជា ក៏នៅមានតារាមកពីប្រទេសផ្សេងទៀតដែរដូចជា ប្រទេសឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ អូស្ត្រាលី ឥណ្ឌា និងតៃវ៉ាន់ ជាដើម។ សម្រាប់ វណ្ណដា ត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធី ASEAN Music Showcase Festival ជាតំណាងកម្ពុជា ២ឆ្នាំជាប់គ្នាហើយ ប៉ុន្តែឆ្នាំនេះជាឱកាសពិសេសដោយលោកនឹងទៅប្រទេសសិង្ហបុរី ដើម្បីសម្ដែងផ្ទាល់ ជួបជាមួយនឹងអ្នកគាំទ្រជាច្រើននាក់លើឆាកប្រគំតន្ត្រីដ៏អស្ចារ្យ៕

ដកស្រង់ពី៖ Sabay