បណ្តាញសង្គម

សំប៉ូ លីដា ទទួលបណ្ដាំជាច្រើនពីបងប្អូនខ្មែរនៅអាមេរិក តាមរយៈ ខាត់ សុឃីម

តារាកំប្លែងស្រីវ័យជ្រេ សំ ប៉ូលីដា ត្រេកអរក្រោយពីទទួលបានដំណឹងល្អមួយពីអតីតមិត្ដរួមអាជីពសិល្បៈ គឺអ្នកនាង ខាត់ សុឃីម ដែលកំពុងមានដំណើរកម្សាន្ដជាមួយគ្រួសារនៅលើទឹកដីសហរដ្ឋអាមេរិក។

អ្នកនាង សំ ប៉ូលីដា បានប្រាប់Sabay ថា ក្នុងពេលដែល ខាត់ សុឃីម ទៅជួប និងសម្ដែងជូនបងប្អូនខ្មែរក្នុងរដ្ឋមួយចំនួនទស្សនានោះ ក៏ស្រាប់តែមានបងប្អូនខ្មែរចង់ឃើញវត្ដមានរបស់អ្នកនាង និងខាត់ សុឃីម បានសម្ដែង ឬច្រៀងរួមគ្នាជាថ្មីទៀតនៅលើទឹកដីអាមេរិក។ សំ ប៉ូលីដា៖ “បងទើបទទួលបានដំណឹងល្អមួយ…បងធ្លាប់ទៅអាមេរិកកាលពីឆ្នាំ២០០៨ ជាមួយ ចាន់ សម័យ ហើយពួកគាត់ដែលស្គាល់បងហ្នឹងចង់ឲ្យទៅម្ដងទៀត។

អីចឹងពេល ខាត់ សុឃីម មកវិញ គាត់ធានាបងយកទៅជាមួយ លោក ខាត់ ចំរើន ម្ដង តែពេលគាត់មកវិញបានរៀបចំការងារហ្នឹងជាមួយបង”។ សម្រាប់ការងារសិល្បៈក្នុងស្រុករបស់តារាសម្បូរវោហាររូបនេះ គឺមិនសូវមមាញឹកឡើយ ហើយថាបើមានឱកាសចេញទៅសម្ដែងនៅក្រៅប្រទេសជាថ្មីទៀតអ្នកនាងក៏កាន់តែត្រេកអរ ប៉ុន្ដែយ៉ាងណាក៏ត្រូវចាំនិយាយជាមួយអ្នកនាង ខាត់ សុឃីម លម្អិតទៀតដែរពេលត្រឡប់មកខ្មែរវិញ។

សូមរំលឹកថា តារាពហុជំនាញ ខាត់ សុឃីម និងស្វាមី ព្រមទាំងកូនៗ បានចេញដំណើរទៅកម្សាន្ដ និងជួបជុំបងប្អូនទៅអាមេរិកជាងកន្លះខែមកហើយ គិតត្រឹមថ្ងៃទី៣០ ខែសីហា នេះ។ តាមគម្រោងអ្នកនាងនឹងប្រើពេលមួយខែកន្លះ ដើម្បីកម្សាន្ដ និងឆ្លៀតសម្ដែងជូនបងប្អូនខ្មែរទៅអាមេរិកក្នុងរដ្ឋមួយបានទស្សនា និងស្ដាប់កម្សាន្ដទៀតផង៕

 

ដកស្រង់ពី៖ Sabay