បណ្តាញសង្គម

សង់ សេដ្ឋ ជំរុញឪពុកឲ្យលក់គោនៅឯស្រុក ដើម្បីយកប្រពន្ធម្នាក់ទៀត

តារាកំប្លែង សង់ សេដ្ឋ ដែលត្រូវជាកូនប្រុសបង្កើតលោក សង់ ស៊ីស ជំរុញឲ្យពុកលក់គោនៅស្រុកកំណើត ដើម្បីសែនព្រេនយកប្រពន្ធម្នាក់ទៀត។

ក្នុងន័យលេងសើចជាមួយឪពុកដែលកំពុងមានជំងឺឡើងសម្ពាធឈាម និងកាន់តែចាស់ទ្រុឌទ្រោមទៅហើយនោះ លោកបានបង្កើតជាវីដេអូខ្លីៗនិយាយលេងជាមួយឪពុក។ តាមរយៈបណ្ដាញសង្គមលោក សង់ សេដ្ឋ បានសួរឪពុកថា ចង់បានប្រពន្ធម្នាក់ទៀតទេ ខណៈម្ដាយលោកកំពុងរស់នៅជាមួយ ស៊ុន ស្រីពេជ្រ ហើយលោកឪពុកកំពុងរស់នៅជាមួយលោក? លោកតា សង់ស៊ីស ឆ្លើយតបទាំងសំឡេងមិនសូវច្បាស់ថា “ចង់ដែរតើ”។

លោក សង់ សេដ្ឋ សន្យារចំពោះមុខឪពុកថា បើម្ដាយបន្ទោសរឿងឪពុករៀបចំប្រពន្ធមួយទៀតនេះ គឺលោកជាអ្នកទទួលខុសត្រូវ សំខាន់ឲ្យតែឪពុកសប្បាយចិត្ដ។ ក្នុងវីដេអូខ្លីៗ មានចំនួន៤ឃ្លីប ត្រូវបានលោក សង់ សេដ្ឋ ថត និងបង្ហោះជាបន្ដបន្ទាប់តាមបណ្ដាញសង្គមTik Tok ប៉ុន្មានថ្ងៃជាប់គ្នាមកហើយ។ រយៈពេលចុងក្រោយនេះ គេឃើញកូនៗអតីតតារាកំប្លែង សង់ ស៊ីស តែងតែនាំលោកទៅញ៉ាំអាហារឆ្ងាញ់ៗ ហើយបង្កើតបរិយាកាសរីករាយសម្រាប់ឪពុកកាន់តែវ័យចាស់ទៅហើយនោះ។

លោកតា សង់ ស៊ីស ដែលនៅមាននិស្ស័យ ពូកែនិយាយលេងសើចច្រើននោះ ក៏តែងតែឆ្លើយតបជាមួយកូនទាំងក្ដីរីករាយគ្រប់ពេលដែលកូនៗព្យាយាមលេងសើចជាមួយលោក បើទោះបីជាលោកពិបាកនិយាយ និងធ្វើកាយវិការក្ដី៕

ដកស្រង់ពី៖Sabay