បណ្តាញសង្គម

ដោយសារកត្តាជីវភាព តិចម៉េង ត្រូវឈប់រៀនដោយខ្វះលុយបង់ ឯសមាជិកគ្រួសាររស់នៅផ្សេងគ្នាទាំងអស់

មុនឈានដល់ចំណុចកំពូលនៃដំណាក់កាលដំបូងក្នុងការបង្ហាញមុខជាតារាចម្រៀងជាផ្លូវការ លីម តិចម៉េង បានហែលឆ្លងនូវឧបសគ្គជីវិតរាប់មិនអស់ទេ ដោយមានពេលខ្លះដួល ដួលហើយងើប រងព្យុះភ្លៀងជីវិតឡើងឆ្អែតឆ្អន់។

ងាកទៅជីវិតកាលពីអតីតវិញ តិចម៉េង គឺជានិស្សិតដែលបញ្ចប់ការសិក្សាត្រឹមឆ្នាំទី ៣ ផ្នែកសំណង់ស៊ីវិល នៅសាកលវិទ្យាល័យ ន័រតុន។ ប៉ុន្តែដោយសារឈានដល់ដំណាក់កាល ដែលត្រូវប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ដោយចំនួនបង់សាលាថ្លៃពេកហើយក៏សម្រេចចិត្ត១០០ភាគរយ បញ្ចប់ការសិក្សា និងបោះជំហានចូលសិល្បៈតែម្ដង។ ចំណែកឯ ស្ថានភាពគ្រួសារ លីម តិចម៉េង វិញ ក៏ពុំសូវធូរធារ ដោយសព្វថ្ងៃឪពុក មានរបរជាអ្នកបើកឡានដឹកសិស្សនៅសាលាមួយកន្លែងនៅខេត្តកំពង់ចាម ឯម្ដាយ គឺជាសន្តិសុខនៅកំបូល និងឆ្លៀតលក់ចាប់ហួយ ដើម្បីរកចំណូលបន្ថែម។

សម្រាប់ប្អូនប្រុសទី ២ របស់ តិចម៉េង ដែលមាន ឈ្មោះថា លីម តិចហុង បច្ចុប្បន្ន ធ្វើការធនាគារនៅខេត្តកំពង់ធំ ស្របពេលប្អូនពៅ លីម មួយចេង មានជំងឺប្រចាំកាយ រស់នៅ ជាមួយនឹងម្ដាយនៅកំបូល ដោយផ្អាករៀនបណ្ដោះអាសន្នសិន។ ទាំងនេះគឺជាការរៀបរាប់ត្រួសៗ តាមការសាកសួររបស់ លោក មាស ឬទ្ធី ក្នុងកម្មវិធី ហង្សមាសព័ត៌មានពេលព្រឹក ជាមួយនឹងអ្នកនាង រស់ សុធាវី។ ក្រៅពីនេះក៏នៅមានរឿងរ៉ាវ និងបទពិសោធជីវិតជាច្រើនទៀត ដែលកំលោះតូចបានបង្ហើបនៅពេលនោះ៕

ដកស្រង់ពី៖ Sabay