បណ្តាញសង្គម

មហាជនក្ដៅស្លឹកត្រចៀកខ្លាំង ពេលសេដ្ឋីនីចាស់ស្ទាវ Leena ហិតក្លៀកតារា BL Yun Phusanu កណ្ដាល Live

រឿងរ៉ាវកំពុងក្ដៅគគុកពេញបណ្ដាញសង្គមប្រទេសថៃ ក្រោយសេដ្ឋីនីថៃ Leena Jung ប្រព្រឹត្តិអាកប្បកិរិយាពុំសមរម្យទៅលើ តារាសម្ដែង Yun Phusanu គឺដល់ថ្នាក់ហិតក្លៀក អំឡុងពេល Live លក់ផលិតផល កាលពីថ្ងៃទី០៥ ខែកញ្ញា។

វាបានក្លាយទៅជាប្រធានបទកំពុងធ្វើឲ្យមហាជន ពិសេសអ្នកគាំទ្ររបស់ Yun ឆេះដុំ ដោយសារតែ បានឃើញសកម្មភាពដែល សេដ្ឋីនីវ័យ ៦០ឆ្នាំប្លាយខាងលើ ធ្វើឡើងចំពោះតារាប្រុសរូបនេះ ដែលជាទង្វើអសីលធម៌ ទាំងនៅមុខការផ្សាយផ្ទាល់មានមនុស្សមើលរាប់ពាន់នាក់។ ដើមហេតុដំបូង គឺ អ្នកស្រី Leena បាននិយាយថា បើសិនមានអ្នកមើលកើនដល់ ៥ពាន់នាក់ (5K) ខ្លួននឹងហិតក្លៀក Yun ឲ្យមើល។

ភ្លាមៗ ស្រាប់តែចំនួន View កើនស្រឺតៗមួយរំពេច ទើបពេល Leena ឃើញហើយ មិនចាំយូរ លើកដៃ Yun ឡើង ហើយឱនទៅថើបតែម្ដង ដែលសូម្បីសាមីខ្លួន (Yun) ក៏ភ្ញាក់ដែរ។ អ្វីដែលធ្វើទាំងនេះ បានធ្វើឲ្យមហាជនភាគច្រើន (រួមទាំងអ្នកដែលមិនបានមើល Live ផ្ទាល់) មានការហួសចិត្ត និងរិះគន់យ៉ាងចាស់ដៃចំពោះទង្វើបែបនេះ ព្រមទាំងហៅថានេះគឺជាការបំពានផ្លូវភេទ និងអសីលធម៌ច្បាស់ណាស់។ មតិខ្លះទៀតក៏បានលើកឡើងដែរថា ប្រសិនបើអ្នកស្រី Leena គ្រាន់តែ Live លក់ផលិតផល ឬជួល Yun មក Live លក់ជាមួយ ដើម្បីជាធ្នាក់ឲ្យកើន View ក៏មិនគួរណាឈានដល់ការធ្វើបែបនេះដែរ។

ដោយឡែកទាក់ទងនឹងបញ្ហានេះ ក្រុមហ៊ុនដែលជាអ្នកចាត់ការរបស់ Yun ក៏បានចេញសេចក្ដីប្រកាសដែរ ដោយជម្រាបជូនមហាជនថា ពួកគេមិនមានចេតនាលូកដៃ ឬគាំទ្រទង្វើបែបនេះឡើយ ប៉ុន្តែទទួលស្គាល់ថានេះគឺជាទង្វើមិនល្អពិតមែន។ បន្ថែមពីលើនេះ ក្រុមហ៊ុនសន្យានឹងការពារ តារារបស់ខ្លួនឲ្យបានល្អជាងនេះនាពេលខាងមុខ និងសុំទោសមហាជនដែលធ្វើឲ្យមានរឿងបែបនេះកើតឡើង។ ចំពោះ Yun Phusanu វិញ ក្រុមហ៊ុន Y.Entertainment បានផ្ដល់ពេលឲ្យសម្រាកព្យាបាលផ្លូវចិត្តឲ្យបានល្អមួយរយៈសិន៕

ដកស្រង់ពី៖ Sabay