បណ្តាញសង្គម

បទ “Forever Alone” របស់ ម៉ា ច័ន្ទបញ្ញា ចិន​សុំ​សិទ្ធិ​​បកប្រែ

បទចម្រៀង” Forever Alone” របស់ ម៉ា ច័ន្ទបញ្ញា ត្រូវជនជាតិចិន យកទៅបកប្រែ ជាភាសារបស់ខ្លួន ដើម្បីតម្រូវតាម ទីផ្សារប្រទេស និងប្រជាជនរបស់គេ។

“ដោយសារតែ គាត់ស្រឡាញ់បទចម្រៀង នេះខ្លាំងពេក ទើបសុំសិទ្ធបកប្រែជា ភាសាចិន តាមពិតទៅគាត់ សរសេរចប់ហើយ នៅប៉ុន្មានថ្ងៃមុននេះ”។ ម៉ា ច័ន្ទបញ្ញា បញ្ជាក់មកកាន់ Sabay។ យុវជនរូបនេះបន្តថា រូបគេក៏ធ្លាប់មាន គម្រោងផលិត បទចម្រៀងខាងលើ ជាភាសាចិនដែរ តាំងពីជាប់ពានរង្វាន់ Fashion Asian Award នៅប្រទេសចិនមកម្ល៉េះ។ ប៉ុន្តែដោយសារ តែឱកាសមិនអំណោយផល ទើបពន្យារពេល រហូតមកដល់បច្ចុប្បន្ន។

ទោះបីជាយ៉ាងណា តារាចម្រៀងវ័យក្មេង រូបនេះបញ្ជាក់ថា រូបគេមានមោទនភាព នៅពេលបានដឹងថា បទចម្រៀងរបស់ខ្លួន ត្រូវបានជនបរទេស យកកែសម្រួលជា ភាសារបស់គេដូច្នេះ។ បញ្ញា អះអាងថា៖”នេះជាក្ដីស្រមៃ របស់ខ្ញុំយូរហើយ គឺចង់ឱ្យជនជាតិ ដទៃស្ដាប់បទខ្មែរ ច្រៀងបទខ្មែរ និងស្គាល់ពី បទចម្រៀងខ្មែរ”។ ក្នុងនាមម្ចាស់បទ យុវជនដដែល បន្ថែមទៀតថា កន្លងមកមិនងាយមានបរទេស ណាមកចម្លងបទ ខ្មែរឡើយ។

ការសុំសិទ្ធិយកបទ “Forever Alone” ទៅបកប្រែដូច្នេះ គឺមានន័យថា ជនជាតិនោះឱ្យតម្លៃ លើស្នាដៃ កូនខ្មែរយើង ដែលដូចគ្នា ទៅអ្វីដែលជនជាតិថៃ ឬប្រទេសដទៃទៀត មានមោទនភាព នៅពេលផលិតកម្ម ឬតារាចម្រៀងខ្មែរ សុំសិទ្ធិយកបទ របស់ពួកគេទៅ ច្រៀងបន្តដូច្នេះដែរ។ ជាមួយគ្នានោះ តារាចម្រៀងវ័យ ២៣ ឆ្នាំខាងលើបញ្ជាក់ថា រូបគេនឹងច្រៀងបទនេះ ជាភាសាចិនវិញម្ដង តបតាមការស្នើសុំ ពីអ្នកបកប្រែ និងសរសេរជាភាសាចិន។

ម៉ា ច័ន្ទបញ្ញា អះអាងថា រូបគេត្រូវចំណាយពេល រៀនសូត្រពី របៀបបញ្ចេញ សំឡេងឱ្យបានត្រឹមត្រូវ ជាមុនសិន មុនចាប់ផ្ដើមថត។ ប្រភពដដែលឱ្យ ដឹងចុងក្រោយថា ប្រសិនបើអាច រូបគេនឹងបកប្រែបទ “Forever Alone” ជាភាសាថៃ កូរ៉េ ឬជប៉ុនបន្ថែមទៀត៕

 

ដកស្រង់ពី៖ sabay