បណ្តាញសង្គម

ក្រុមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៉ី នៅអ៊ុយក្រែន ប្រកាសរៀបចំការបោះឆ្នោតប្រជាមតិ ជាផ្លូវការ

ក្រុមមន្ត្រីនៅក្នុងតំ បន់ចំនួន ៤ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយកងទ័ពរុស្ស៉ី នៅភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន បាននិយាយថាពួកគេនឹងរៀបចំការបោះឆ្នោតប្រជាមតិ ដើម្បីក្លាយជាផ្នែកមួយរបស់រុស្ស៉ី ដែលនេះអាចនឹងត្រួសត្រាយផ្លូវឱ្យទីក្រុងមូស្គូ បង្កើនការធ្វើសង្រ្គាម នៅអ៊ុយក្រែន។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២។ បើតាមក្រុមមន្ត្រីលើកបន្តុបដោយរុស្ស៉ីដដែល ការបោះឆ្នោតប្រជាមតិនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៧ ខែកញ្ញានេះ នៅក្នុងតំបន់ផ្ដាច់ខ្លួន ដែលបានហៅខ្លួនឯងថាជាសាធារណរដ្ឋដូណេត និងលូហាន នៃតំបន់ដុនបាស់ ភាគខាងកើតប្រទេសអ៊ុយក្រែន។

តំបន់ផ្ដាច់ខ្លួនទាំង២នេះ ត្រូវបានលោក ពូទីន ប្រកាសទទួលស្គាល់ជារដ្ឋឯករាជ្យកាលពីខែកុម្ភៈ ប៉ុន្មានថ្ងៃមុននឹងកងទ័ពរុស្ស៉ីឈ្លានពានអ៊ុយក្រែន។ ការបោះឆ្នោតប្រជាមតិចូលរួមជាមួយរុស្ស៉ី ក៏នឹងត្រូវធ្វើឡើងផងដែរ នៅក្នុងតំបន់ខឺសុន និងនៅតំបន់មួយផ្នែកគ្រប់គ្រងដោយកងទ័ពរុស្ស៉ី ក្នុងតំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhia)។ ក៏ប៉ុន្តែ គេមិនដឹងថាតើការបោះឆ្នោតប្រជាមតិនេះ នឹងធ្វើឡើងដោយរបៀបណានោះទេ ដ្បិតរុស្ស៉ីមិនទាន់អាចគ្រប់គ្រងតំបន់ទាំង៤ខាងលើទាំងស្រុងនោះទេ ខណៈកងទ័ពរុស្ស៉ីកំពុងគ្រប់គ្រងទឹកដី ៦០ភាគរយនៃតំបន់ដូណេត។

រុស្ស៉ីធ្លាប់បានក្រសោបយកតំបន់គ្រីមៀ ដោយជោគជ័យនៅក្នុងការបោះឆ្នោតប្រជាមតិ កាលពីឆ្នាំ២០១៤ ដែលត្រូវបានលោកខាងលិចថ្កោលទោសថាជាទង្វើខុសច្បាស់៕

ដកស្រង់ពី៖Fresh News