បណ្តាញសង្គម

ជើងហោះហើរចេញពីរុស្សី លក់សំបុត្រអស់ភ្លាមៗ បន្ទាប់ពីលោក ពូទីន បញ្ជាឲ្យកេណ្ឌទ័ព

សំបុត្រសម្រាប់ជើងហោះហើរចេញពីប្រទេសរុស្សី ត្រូវបានលក់អស់យ៉ាងឆាប់រហ័ស កាលពីថ្ងៃពុធ បន្ទាប់ពីលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានប្រកាសពីការចេញបញ្ជាឲ្យកេណ្ឌកងទ័ព ចេញពីទាហានបម្រុងចំនួន ៣០០,០០០នាក់ ជាបន្ទាន់។

រដ្ឋមន្រ្តីការពារជាតិលោក Sergei Shoigu បានបញ្ជាក់ថា ការកេណ្ឌកងទ័ពខាងលើនេះ គឺត្រូវអនុវត្តតែទៅលើពលរដ្ឋរុស្សី ដែលមានឈ្មោះជាទាហានបម្រុង ឬធ្លាប់បម្រើ ក៏ដូចជាមានបទពិសោធន៍យោធាប៉ុណ្ណោះ ខណៈនិស្សិត និងអ្នក ដែលបានត្រឹមតែចូលបំពេញកាតព្វកិច្ចយោធា គឺមិនប៉ះពាល់ទេ។

ទិន្នន័យពី Google Trends បានបង្ហាញថា ចំនួនអ្នកស្វែងរកទិញសំបុត្រធ្វើដំណើរតាម Aviasales ដែលជាគេហទំព័រដ៏ពេញនិយមរបស់រុស្សី សម្រាប់ការទិញសំបុត្រជើងហោះហើរ គឺមានការកើនឡើងខ្លាំង។ ជាមួយគ្នានេះ ជើងហោះហើរត្រង់ពីទីក្រុងមូស្គូ ទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសទួគី និងទីក្រុងយ៉េរេវ៉ាន់ នៃប្រទេសអាមេនី ដែលជាគោលដៅអនុញ្ញាតឲ្យពលរដ្ឋរុស្សីចូល ដោយគ្មានទិដ្ឋាការនោះ ក៏ត្រូវបានលក់អស់ត្រឹមថ្ងៃពុធនេះ។

ដោយឡែកផ្លូវទៅកាន់ទីតាំងប្តូរជើងហោះហើរមួយចំនួន រួមទាំងពីទីក្រុងមូស្គូ ទៅកាន់ទីក្រុង Tbilisi នៃប្រទេសហ្សកហ្សី ក៏មិនមានលក់ដែរ ខណៈជើងហោះហើរ ដែលមានតម្លៃថោកបំផុតពីមូស្គូ ទៅកាន់ឌូបៃ បានឡើងថ្លៃរហូតដល់ ៣០០,០០០ រូប្លិ៍ (៥,០០០ដុល្លារអាមេរិក) ដែលស្មើនឹងប្រហែល៥ដង នៃប្រាក់ឈ្នួលប្រចាំខែជាមធ្យមរបស់ប្រជាជនរុស្សី នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃពុធ។