បណ្តាញសង្គម

រុស្ស៉ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹកគ្នាទៅវិញទៅមក ជិត ៣០០នាក់

រុស្ស៉ី និងអ៊ុយក្រែន បានធ្វើការដោះដូរឈ្លើយសឹកដ៏ភ្ញាក់ផ្អើលមួយ ដែលមានជាប់ពាក់ព័ន្ធនឹងមនុស្សជិត ៣០០នាក់ ហើយដែលនេះជាការ ដោះដូរឈ្លើយសឹកច្រើនបំផុត ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។ នៅក្នុងចំណោមឈ្លើយសឹកដែលត្រូវបានដោះលែងខាងលើ ក្នុងនោះមានពលរដ្ឋមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងម៉ារ៉ុក ហើយក្នុងចំណោម ពួកគេទៀតសោត ក៏មានអ្នកដែលត្រូវបានផ្ដន្ទាទោសប្រហារជីវិតដោយរុស្ស៉ីផងដែរ បន្ទាប់ពីត្រូវបានចាប់ខ្លួននៅអ៊ុយក្រែន ក្រោមការចោទប្រកាន់ពី ទីក្រុងមូស្គថាជាទាហានស៊ីឈ្នួល។

រុស្ស៉ី ក៏បានដោះលែងឈ្លើយសឹកអ៊ុយក្រែន ២១៥នាក់ផងដែរ ក្នុងនោះមាន ៥នាក់ជាមេបញ្ជាការដែលបានដឹកនាំការតស៊ូប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី នៅក្នុងទីក្រុងម៉ារីយូប៉ូល ហើយជាឆ្លើយតប អ៊ុយក្រែនបានដោះលែងកងទ័ពរុស្ស៉ី និងក្រុមផ្ដាច់ខ្លួនគាំទ្រដោយទីក្រុងមូស្គូសរុប ៥៥នាក់។ ការដោះដូរ ឈ្លើយសឹកនេះត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលពីអារ៉ាប៊ីសាអូឌីត និងតួកគី៕

ដកស្រង់ពី៖Fresh News