បណ្តាញសង្គម

ឃើញកូន ត្រូវបានជ្រើសជាតួសម្ដេចពីក្មេង តើឪពុកម្ដាយរបស់ ប៉ាន់ ខែមម៉ានូ លើកឡើងយ៉ាងណាខ្លះ?

អាចនិយាយបានថា សម្រាប់ឆ្នាំ ២០២១ និង ២០២២ គឺជាឆ្នាំនាំសំណាង និភាពចម្រុងចម្រើនកាន់តែខ្លាំងសម្រាប់លោក ប៉ាន់ ខែមម៉ានូ ដែលជាតារាប្រុសគ្រប់គ្នាស្គាល់ច្បាស់ថាជា សិល្បករចម្រៀងបុរាណដ៏មានសមត្ថភាព តាំងពីក្មេង។

អ្វីដែលសំខាន់ លោកត្រូវបានអ្នកដឹកនាំរឿង ជ្រើសមកក្លាយជាតួឯកដ៏ធំ ពោលគឺ ដើរជាតួ «សម្ដេចតេជោ ហ៊ុនសែន» សម្រាប់ភាពយន្តបទចម្រៀង «ជីវិតក្មេងវត្ត» និងរឿងភាគខ្នាតធំ «កូនប្រុសក្រោមពន្លឺព្រះច័ន្ទបេញបូណ៌មី»។ ជាក់ស្ដែង ស្នាដៃទី ១ គឺ ភាពយន្តបទចម្រៀង «ជីវិតក្មេងវត្ត» ដែលមានឯកឧត្តម ហ្វៃ សំអាង ជាអ្នកដឹកនាំ បានចេញផ្សាយជាផ្លូវការហើយ ដោយមានការគាំទ្រច្រើនលើសលប់ និងទទួលបានការកោតសរសើរមិនដាច់ពីមាត់ នូវការដឹកនាំរឿង ពិសេសការសម្ដែងដ៏ប៉ិនប្រសប់របស់តួអង្គទាំងអស់ ពិសេសតួឯក ប៉ាន់ ខែមម៉ានូ។

ដោយឡែក ក្នុងពិធីសម្ពោធជាផ្លូវការក្នុងការចាក់ផ្សាយស្នាដៃនេះ ក៏មានវត្តមានដ៏កក់ក្ដៅរបស់ ឪពុកម្ដាយរបស់ ម៉ានូ ដែរ គឺលោក ប៉ាន់ សេរីវុឌ្ឍ និងលោកស្រី ឡុង សុផា។ នាមជាឪពុកម្ដាយ តើមានអារម្មណ៍បែបណា ពេលកូនប្រុសរបស់ខ្លូនទទួលបានឱកាសពិសេស និងសម្រេចបាននូវសមទ្ធិផលអស្ចារ្យនៅពេលនេះ? លោក ប៉ាន់ សេរីវុឌ្ឍ បានមានប្រសាសន៍ថា៖ «បាទ! និយាយពីក្នុងអារម្មណ៍គឺរំភើប រីករាយណាស់ ហើយជាមហាកិត្តិយសដ៏ឧត្តុងឧត្តមណាស់ ដែលកូនប្រុសមានភ័ព្វវាសនា បានសម្ដែងតួ វីរបុរសខ្មែរគឺ សម្ដេចតេជោ ដែលជាប្រមុខនៃរាជរដ្ឋាភិបាល អ៊ីចឹងជាសំណាងដ៏ខ្ពង់ខ្ពស់ណាស់ សម្រាប់កូនប្រុស ហើយពួកយើងជាឪពុកម្ដាយគឺ រំភើបណាស់ រំភើបមែនទែនតែម្ដង»។ សម្រាប់លោកស្រី ឡុង សុផា ដែលជាអ្នកម្ដាយក៏មិនខុសពីស្វាមីដែរ ដោយបានសម្ដែងទឹកចិត្តរំភើបឥតឧបមា និងមានកិត្តិយសបំផុត។

ងាកចូលមករឿងភាគ «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» វិញ ម៉ានូ ត្រូវចូលព្រៃ និងជួបឧបសគ្គលំបាកផ្សេងៗជាច្រើន។ ចុះសម្រាប់លោកទាំង ២ គិតយ៉ាងណាដែរ? លោកឪពុក បានលើកឡើងថា លោកពិតជាអាណិតស្រឡាញ់ ប៉ុន្តែយ៉ាងណានេះក៏ជាបំណងលោកដែរ ដែលចង់បណ្ដុះបណ្ដាលកូន ឲ្យរៀនសូត្រតាមគំរូវីរភាពរបស់សម្ដេច ដែលលោកបានតស៊ូ ក្នុងនាមជាកូនកសិករ។

បញ្ជាក់ផងដែរថាភាពយន្តបទចម្រៀង «ជីវិតក្មេងវត្ត» បានចាក់ផ្សាយជាផ្លូវការលើទំព័រហ្វេសប៊ុក របស់ សម្ដេចតេជោ ហ៊ុន សែន និង FRESHNEWS។ ឯភាពយន្តភាគ «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» ក៏កំពុងដំណើរការថតយ៉ាងសស្រាក់សស្រាំដែរ ហើយក្រុមការងារទាំងអស់ ព្រមទាំងតួអង្គ ពិតជាប្រឹងប្រែងទាំងព្រម ដើម្បីឲ្យលទ្ធផលចេញមកគួរជាទីគាប់ចិត្ត៕

 

ដកស្រង់ពី៖ Sabay