បណ្តាញសង្គម

ប៉ូ គីមថេងសុទ្ធធីតា និយាយពីពេលឈានទៅរកការគិតខ្លី និងជីវិតកាលទៅបួស

ប៉ូ គីមថេងសុទ្ធធីតា គឺជាអតីត Miss Grand Cambodia ឆ្នាំ ២០២១ ដែលបាននាំកម្ពុជាឡើងលើឆាកអន្តរជាតិ ពិសេសមានសមត្ថភាពឈានដល់វគ្គ Top 10។

ប្រជាជនកម្ពុជានៅមិនទាន់ភ្លេចឡើយ នូវភាពក្លាហាដែលនាងបានបង្ហាញពេលនោះ និងចងចាំមកដល់បច្ចុប្បន្ន ទោះជាយ៉ាងណា ក្រោយឈានជើងចូលពិភពត្រចះត្រចង់ ឬក្លាយជាមនុស្សរបស់មហាជន ធីតា ពិតជាត្រូវប្រឈមនឹងបញ្ហាជាច្រើនមកទន្ទឹមនឹងភាពជោគជ័យ។ ស្របពេលខ្លួនជាមនុស្សគិតច្រើនស្រាប់ ដូច្នេះវាពិបាកណាស់ក្នុងការឲ្យនាងសម្រួលចិត្ត តាំងអារម្មណ៍ឲ្យស្ងប់។ ពិតណាស់ អារម្មណ៍មិនស្រណុកក្នុងចិត្ត និងរឿងរ៉ាវជាច្រើនបានធ្វើទុក្ខបុកម្នេញនាង រហូតដល់ពេលមួយដែល នាងត្រូវធ្លាក់ខ្លួនក្លាយជាជនរងគ្រោះពី «សម្ពាធផ្លូវចិត្ត»។

ធីតា បានរ៉ាយរ៉ាប់ពីពេលវេលាដ៏ខ្មៅងងឹតនោះថា៖ «ដូចគេអន្ទងយើង ចង់ឲ្យយើងគិតខ្លី… ឧទាហរណ៍ថានៅពេលយើងចង់ Relax នៅលើភ្នំ បែរជាមានអារម្មណ៍មួយអន្ទងយើង ចង់ឲ្យយើងនៅកន្លែងហ្នឹង ឬក៏របៀបគេហៅយើងឲ្យទៅនៅជាមួយគេ...នៅពេលដែលរាសីយើងធ្លាក់ខ្លាំង! តែក៏មានអ្នកជួយទាន់ (មិត្តភ័ក្តិ) ប៉ុន្តែបើខ្ញុំនៅម្នាក់ឯង ខ្ញុំអាចនឹងគិតខ្លីមែន»។

ក្រោយជួបបទពិសោធព្យុះភ្លៀងហូរហែ អតីត Miss Grand Cambodia ឆ្នាំ ២០២២ បានខិតខំជម្នះមានបរាជ័យ និងជោគជ័យ លាយឡំគ្នា ប៉ុន្តែអរគុណដល់ការតាំងចិត្តទើបនាងអាចឈរមកដល់ថ្ងៃនេះ។ ប៉ុន្តែនាងក៏បានជួយជាដំបូន្មានដល់អ្នកដែលរងសម្ពាធទាំងឡាយ នៅពេលអារម្មណ៍អូសទាញទៅឲ្យគិតខ្លី សុំគិតដល់អ្នកផ្ទះមុនគេ ឬមនុស្សជាទីស្រឡាញ់ផ្សេងទៀត ព្រោះពួកគេគឺជាអ្នកដែលតែងចង់ឃើញយើងល្អ និងចង់ឃើញយើងសប្បាយចិត្ត ពិសេសគិតដល់ពេលដែលយើងប្រឹងប្រែងពីមុន។

រហូតដល់ពេលមួយ នាងបានគិតថា នៅថ្ងៃណាមួយដែលនាងរសាយពីការងារ នាងនឹងទៅបួស ស្លៀកស ពាក់ស ហូបបួស រស់នៅជាមួយព្រះធម៌ ដើម្បីជម្រះរឿងមិនល្អចេញឲ្យស្រឡះពីខ្លួន។ ទាក់ទងនឹងការបួសវិញ គឺ ធីតា ចំណាយពេល ១សប្ដាហ៍ ដោយនាងបានលើកឡើងក្នុងកម្មវិធី Vtalk Confession ថា៖

- ទម្លាប់ជាប្រចាំ គឺស្ដាប់ធម៌អប់រំចិត្តដដែល

- ចំពោះការញ៉ាំ គឺឈប់ញ៉ាំចាប់ពីម៉ោង ៥ល្ងាចទៅ ហើយនាងមិនប៉ះពាល់សាច់ទេ ដោយញ៉ាំតែបន្លែសុទ្ធ

- តែងសមាធិ ដកដង្ហើមចេញចូល (ដ្បិតដំបូងៗ នាងស្ពឹកខ្លួន តែនៅពេលព្យាយាមគិតរឿងវិជ្ជមាន អារម្មណ៍ស្ពឹកក៏អស់រលីង រហូតពេលខ្លះលែងឃ្លានបាយ)

- បិទទូរស័ព្ទ និងចាកចេញពីបណ្ដាញសង្គម (បើបើក គឹនៅពេលដែលមានការសំខាន់ ឬតបសារគ្រួសារកុំឲ្យបារម្ភពីសុខទុក្ខ) នៅពេលនេះ ធីតា កាន់តែមានភាពចាស់ទុំ និងរឹងមាំជាងមុន ទោះបីជាត្រូវទ្រាំទូលទុក្ខតែឯង ប៉ុន្តែនាងតែងបង្ហាញតែភាពរីករាយ និងគិតដល់ម្ដាយឪពុកជានិច្ច។

នាងនៅបានបន្ថែមថា នៅពេលណាដែលត្រូវជួបរឿងអ្វី នាងនឹងដោះស្រាយម្ដងមួយៗ និងតស៊ូ ជម្នះជាដរាប ឯបញ្ហាផ្លូវចិត្ត នាងព្យាយាមស្ដារបន្តិចម្ដងៗ ដើម្បីឲ្យមានភាពប្រសើរជាងមុន៕

 

ដកស្រង់ពី៖ Sabay