បណ្តាញសង្គម

ធ្លាប់តែឃើញតុកតាក់មើលកូន ឥឡូវ ផន សុផារី ចេញរោងឡើងរាំឥណ្ឌា ឡើងផ្អើលវត្ត

កាលពីថ្ងៃសៅរ៍ ទី ០៨ ខែតុលា ផន សុផារី ដែលគេកូនស្រីថៅកែវង់ល្ខោន ភី សុគន្ធី និងជាម្ដាយរបស់កុមារីតូចដ៏គួរឲ្យស្រឡាញ់ ប៊ែលឡា និង អ៊ែលលី បានទៅចេញរោងល្ខោនជាមួយនឹងអ្នកម្ដាយ ប៉ុន្តែនាងទទួលនាទីជា ក្រុមរាំ បើកឆាក។

ពីមុនមកប្រិយមិត្តភាគច្រើនមុខជាបានជ្រាបច្បាស់ហើយថា សុផារី កើតចេញពីគ្រួសារអ្នកល្ខោន ហើយនាងក៏បានចេញសម្ដែងហូរហែដែររហូតដល់មានកូន។ ទោះជាបច្ចុប្បន្ន ផារី មិនសូវបង្ហាញមុកញឹកលើឆាកសម្ដែង ដោយសារតែជាប់បន្ទុកមើលថែកូន ប៉ុន្តែនាងតែងតាមដានការងារ និងព្យាយាមឆ្លៀតតាមដែលអាចធ្វើទៅបានក្នុងការចូលរួមសម្ដែងក្នុងវង់ល្ខោន។

ដូចកាលពីថ្ងៃទី ០៨ ខែតុលា ផារី បានទៅសម្ដែងនៅវត្តកំពង់សំបួរ ស្រុកកោះធំ ខេត្តកណ្ដាល ដោយបង្ហាញមុខសម្ដែងបើកឆាក (ឬរាំសង្កត់ឆាក មុនការសម្ដែងរឿងចាប់ផ្ដើម) និងតែងជាមួយនឹងឈុតឥណ្ឌាពិតៗ រាំយ៉ាងស្វាហាប់ អមសងខាងដោយសមាជិកក្រុមរាំផ្សេងទៀត ធ្វើឲ្យអ្នកដែលបានទស្សនាការសម្ដែងនោះហើយ ភ្ញាក់ផ្អើល និងកោតសរសើរចំពោះការព្យាយាមរបស់អ្នកម្ដាយកូន ២ រូបនេះ។

ជាទូទៅ គេតែងឃើញ ផារី តែក្នុងវីដេអូមើលថែកូនៗ ធ្វើម្ហូប និង Live លក់ផលិតផលថែសម្រស់ ហើយដ្បិតគ្រប់គ្នាដឹងច្បាស់ពីសមត្ថភាពសិល្បៈរបស់នាង ប៉ុន្តែតាមរយៈការបង្ហាញឈុតរាំពេលនេះ ពេលម្នាក់ៗមើលហើយ ពិតជាពេញចិត្តបំផុត។

 

ដកស្រង់ពី៖ Sabay