បណ្តាញសង្គម

ហេង វិសាល សុខចិត្តមានឈ្មោះជាព្រាននារី និងសម្រេចលាក់បាំងទំនាក់ទំនងស្នេហា ក៏ដើម្បីតែ ស្រីនា ម្នាក់គត់

កន្លងមក មហាជន ពិសេសអ្នកគាំទ្រឧស្សាហ៍នាំគ្នាចំអកលេងដាក់ ហេង វិសាល ថាលោកគឺជាព្រាននារីមុខស្រស់ ទាំងដែលក្នុងចិត្តលោក មិនមែនអាក្រក់ដូចការគិតឡើយ។

ផ្ទុយទៅវិញ ដ្បិតមានទម្លាប់និយាយលេងសើចច្រើន ប៉ុន្តែ វិសាល ក៏តែងទទួលបានការកោតសរសើរច្រើនដែរ ពីសមត្ថភាពការងារ ភាពវៃឆ្លាត ទំនួលខុសត្រូវ និងច្បាស់លាស់ ចាស់ទុំជានិច្ច។ ងាកទៅរឿងស្នេហា អតីតកាលគ្រាន់ជាមេរៀន និងបទពិសោធជីវិត ប៉ុន្តែក្រោយពេល ហេង វិសាល បានជួបជាមួយនឹង ស្រីនា គ្រប់យ៉ាងប្រែប្រួលអស់ហើយ។ លោកបានកំណត់ទិសដៅជីវិត និងមានបំណងចង់សាងអនាគតគ្រួសារពិតប្រាកដជាមួយនារីម្នាក់នេះ។ សូម្បីរឿងស្នេហា ក៏លោកបានផ្ដល់តម្លៃ និងកិត្តិយសជូនមនុស្សជាទីស្រឡាញ់ ព្រោះទាក់ទងស្រឡាញ់គ្នា ២-៣ឆ្នាំមែន ប៉ុន្តែអ្នកទាំង ២ សម្រេចលាក់បាំងពីភ្នែកមហាជន ឬស្រឡាញ់គ្នាបែប Private។

រហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ទើបគ្រប់យ៉ាងលាតត្រដាង គឺ ហេង សុខវិសាល បានកាន់ដៃ ជា ស្រីនា ជាប់ ជាមួយនឹងចិញ្ចៀនភ្ជាប់ពាក្យ ក្នុងន័យប្រកាសថា នេះគឺជាគូស្នេហ៍ពិតប្រាកដ និងផ្លូវការតែមួយគត់ ដែលចាស់ទុំដឹងឮសងខាង។ និយាយក្នុង Story Instagram ស្ថាបនិករបស់ VEESA បានទម្លាយការពិត ពីហេតុផលដែលលោកមិនប្រាប់គ្រប់គ្នាពីទំនាក់ទំនងស្នេហាជាមួយ ស្រីនា ថា៖ «មូលហេតុដែលពួកខ្ញុំ Private ក៏មិនមែនចង់លាក់អ្នកទាំងអស់គ្នាដែរ! មូលហេតុនោះគឺដោយសារ (អានេះការគិតរបស់ខ្ញុំទេណា៎) ខ្ញុំគិតថា ខ្ញុំគឺជាមនុស្សប្រុស នា គឹជាមនុស្សស្រី អ៊ីចឹងបើយើងទាក់ទងគ្នាជាសាធារណៈ ឧទាហរណ៍ថាជាសង្សារអ៊ីចឹងឲ្យគេដឹងទៅ! អនាគតគឺយើងមើលអត់ឃើញទេ អ៊ីចឹងបើសិនជាឈ្លោះគ្នា យើងជាមនុស្សប្រុសវាអត់អីទេ ប៉ុន្តែគ្នាខាងស្រីឯណោះ លក្ខណៈថា...មានប្រវត្តិ ឬក៏អីៗ...អ៊ីចឹងខ្ញុំអត់ចង់ឲ្យមនុស្សដែលខ្ញុំស្រឡាញ់ទៅជាបែបហ្នឹង! អ៊ីចឹងបើខ្ញុំច្បាស់ការណ៍ បានខ្ញុំចង់បង្ហាញនៅថ្ងៃហ្នឹងហ្មង! អត់ចង់ថា បើយើងអត់ច្បាស់ អត់ចង់ឲ្យប៉ះពាល់ដល់កិត្តិយសកូនស្រីគេ ឬមនុស្សដែលយើងស្រឡាញ់!»។

ទោះជាយ៉ាងណា ហេង វិសាល ក៏បានបញ្ជាក់ដែរថា អំឡុងពេលទាក់ទងគ្នា គឺលោក និង ស្រីនា លាក់តែចំពោះសាធារណៈទេ ឯក្នុងរង្វង់គ្រួសារ មានចាស់ទុំទាំងសងខាងដឹងឮអស់ហើយ។ ពេលនេះ តួឯកប្រុសស្រីក្នុងរឿង «សិស្សអាយុ ២៧ឆ្នាំ» បានក្លាយជាគូដណ្ដឹងនឹងគ្នានៅក្នុងជីវិតពិតហើយ ហើយគ្រប់គ្នាក៏រង់ចាំជាបន្តថា តើអ្នកទាំង ២ នឹងចូលរោងការនៅពេលណា?

ដកស្រង់ពី៖ Sabay