បណ្តាញសង្គម

អស់ទាស់ ម៉ូលីកា ចាយរាប់សែន បញ្ជាទិញ Ferrari ១គ្រឿងតាមការយល់សប្តិ

បន្ទាប់ពីប៉ុន្មានថ្ងៃមុន ដាក់លុយទាំងបាច់នាំក្រុមការងារជិះយន្តហោះដើរលេង ឥឡូវនេះ ម៉ូលីកា បានធ្វើឲ្យផ្អើលមួយសារទៀត

ដោយសារតែបានបញ្ជាទិញរថយន្ដទំនើប១គ្រឿងទៀតម៉ាក Ferrari-488GTB ពណ៌ក្រហមឆេះ។ រថយន្តនេះ ទើបនឹងទម្លាក់ពីកុងតឺណឺក្ដៅៗប៉ុណ្ណោះ ហើយអតីតតារាចម្រៀងរ៉ក់ រូបនេះ បានកាន់ចង្កូតឡានថ្មីលំដាប់អភិជន និងបើកបរនៅលើដងផ្លូវកាលពីរសៀលថ្ងៃទី១០តុលា ឆ្នាំ២០២២។ តាមតម្លៃ រថយន្ត ម៉ាក Ferrari-488GTB នេះមានតម្លៃដល់ទៅ៣៥ម៉ឺនដុល្លារអាមេរិកឯណោះ។

នៅក្នុងបទសម្ភាសន៍ខ្លីជាមួយអ្នកយកព័តមាន កំពូលអ្នកលក់ Online រូបនេះបានប្រាប់យ៉ាងខ្លីចំពោះការកុម្ម៉ង់រថយន្តប្រណិតនេះថាមកពី”ស្រលាញ់”។ យ៉ាងនេះក្ដី នៅលើហ្វេសបុករបស់ខ្លួន ថៅកែក្រុមហ៊ុន Nk Molika Beauty Trending Co.Ltd រូបនេះ ឲ្យដឹងថា តាមពិតនាងទិញតាមការយល់សប្តិសោះ។ ម៉ូលីកា ថ្លែងថា ”យល់សប្ដិថាបាននៅក្បែបង ឥឡូវបាននៅក្បែបងមែនហើយ My Crush Mo Lika Ferrari -488GTB ។ស្វាគមន៍សមាជិកថ្មី តម្លៃរាងអ៊ែមជាងមុនតិច 350000$។ដើម្បីកូនពៅ Mummy (Ferrari)សុខចិត្តញាំអំបិលប្រហុក”។

ការបញ្ចេញរថយន្ដទំនើបនាពេលនេះបញ្ជាក់ថាមុខជំនួញរបស់ម៉ូលីកា កាន់តែកាក់កប ទើបធ្វើឲ្យនាងកាន់តែមានកម្រិតដៃជីវភាពធូធាហក់ឡើងខ្ពស់ទៅមុខជាលំដាប់ថែមទៀត ។ ចំណុចគួរកត់សម្គាល់ ជាមួយវត្តមានរថយន្តដ៏ប្រណិតម៉ាក Ferrari-488GTB ម៉ូលីកា មានសរុបចំនួន ៥គ្រឿងហើយ ក្នុងនោះ មានរថយន្ដទំនើបម៉ាក Escalate ពណ៌ខ្មៅស៊េរីថ្មីចុងក្រោយតម្លៃជិតកន្លះលានដុល្លារ។ ក្រៅពីនេះ នាងនៅមានរថយន្ដខ្លះទៀត ដូចជា Ford Raptor ,Jaguar និង Range Rover ជាដើម។

សរុបមក ម៉ូលីកា បានចំណាយលុយខ្ទង់លានដុល្លារ ទិញរថយន្ដក្នុងក្ដីស្រម៉ៃរបស់នាងបន្តបន្ទាប់ រហូតធ្វើឲ្យនាងត្រូវបានគេចាប់អារម្មណ៍ និងក្លាយទៅជាអ្នកលក់លើ Online ដ៍ល្បីឈ្មោះបំផុត១រូបនាពេលបច្ចុប្បន្ន ខណៈដែលអតីតកាលនាងធ្លាប់រស់នៅផ្ទះជួល និងផ្ដើមដើមទុនត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ ពីការលក់ជ្រក់ជើងមាន់តាម Online ។ ក្រោយមានបាន គេឃើញ អតីតតារាចម្រៀង Rock ម៉ូលីកា ក៍ធ្លាប់បានធ្វើកម្មវិធីសប្បុរសធ័មជួយដល់សិល្បករចាស់ជរាអត់ទីពឹង និងជនក្រីក្រជាច្រើនលើកច្រើនសារមកហើយដែរ៕

ដកស្រង់ពី៖ Sabay