បណ្តាញសង្គម

CEO របស់ HYBE លើកពីការបារម្ភរបស់អ្នកវិនិយោគ + អ្នកវិភាគទាយថា BTS នឹងជួយសេដ្ឋកិច្ចកូរ៉េកើនខ្លាំងនៅឆ្នាំ ២០២៣

កាលពីម្សិលមិញ HYBE បានចេញសេចក្ដីថ្លែងការណ៍ ដោយបានប្រកាសពីការសម្រេចលុបចោលការសុំពន្យាពេលចូលបម្រើទាហានរបស់ Jin ដោយជំនួសមកវិញសាមីខ្លួនសុំចូលបំពេញកាតព្វកិច្ចមួយនេះនៅចុងឆ្នាំនេះ។

ការប្រកាសក៏បានបញ្ជាក់ផងដែរថា សមាជិកនៅសល់របស់ BTS ផ្សេងទៀតក៏នឹងចូលទាហានជាបន្តបន្ទាប់ដែរ ផ្អែកលើកាលវិភាគការងាររបស់ពួកគេម្នាក់ៗ។ ព័ត៌មាននេះដែរ បានធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោកមានការភ្ញាក់ផ្អើលជាពន់ពេក ហើយក៏រំភើបនូវទឹកចិត្តរបស់ BTS ដែរ ព្រមជាមួយនឹងការសន្យាថានឹងនៅគាំទ្រក្រុមដដែល ពិសេសគ្រប់គ្នានឹងរង់ចាំការត្រឡប់មកវិញរបស់ Idol នៅឆ្នាំ ២០២៥។

យ៉ាងណាមិញ ក្រោយពីការប្រកាសត្រូវបានធ្វើឡើងរួច នាយកប្រតិបត្តិរបស់ HYBE Labels គឺលោក Park Jiwon ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដែរ ដោយលើកឡើងពីការព្រួយបារម្ភពីអ្នកវិនិយោគ បន្ទាប់ពីទទួលដំណឹងចូលទ័ពរបស់សមាជិក BTS។ «ខ្ញុំពិតជាបានដឹងច្បាស់ពីអ្នកវិនិយោគទាំងអស់ ដែលបារម្ភថា HYBE នឹងបន្តដោយរបៀបណា នៅពេលសកម្មភាពការងាររបស់ BTS ដល់កំណត់។ យើងបានដឹងហើយពីកាតព្វកិច្ចយោធា ហើយពួកយើងក៏បានរៀបចំរួចហើយអស់ដែរ សម្រាប់ពេលវេលាមួយនេះ។

ក្នុងរយៈពេលខ្លី ការងារទោល សម្រាប់សមាជិកនីមួយៗ ត្រូវបានគ្រោងអស់ហើយ សម្រាប់ឆ្នាំឆមាសដំបូងឆ្នាំ ២០២៣ ហើយពួកយើងក៏បានត្រៀមមុនអស់ដែរ ដែលមានន័យថា BTS នឹងបន្តភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រ សម្រាប់អនាគតដ៏ខ្លីខាងមុខ»។ នេះបើតាមអ្វីដែលនាយកប្រតិបត្តិរបស់ HYBE បានលើកឡើង។

អ្នកវិភាគបានព្យាករណ៍ថា BTS ចូលរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចជាតិ ដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ២៩,១ ទ្រីពាន់លានដុល្លារ ដល់ប្រទេសកូរ៉េខាងត្បូងនៅចន្លោះឆ្នាំ ២០១៤ និង ២០២៣ ដោយបន្តបង្ហាញថាតើឥទ្ធិពលនៃក្រុមនេះមានកម្រិតណា។ ក្រៅពីឥទ្ធិពលផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ក្រុមនេះបន្តបង្កើនការយល់ដឹង និងកេណ្ឌការស្រឡាញ់ចំពោះវប្បធម៌កូរ៉េតាមរយៈតន្ត្រី និងសកម្មភាពរបស់ពួកគេ។

ការសម្រេចចិត្តរបស់ពួកគេក្នុងការបម្រើយោធារបស់ពួកគេដោយមោទនភាពសម្រាប់ប្រទេសរបស់ពួកគេ គឺជាវិធីមួយផ្សេងទៀតដែលពួកគេកំពុងធ្វើឱ្យប្រទេសកូរ៉េ និងអ្នកគាំទ្រនៅជុំវិញពិភពលោកមានមោទកភាពខ្លាំងបំផុត៕

 

ដកស្រង់ពី៖ Sabay