បណ្តាញសង្គម

iPad Pro ទើបចេញ ប្រើឈីបកម្លាំងខ្លាំង M2 មុខងារប៊ិចថ្មីមិនប៉ះក៏បញ្ជារបាន និងល្បឿនដោនឡូតលឿន 2.4Gbps

Apple ទើបបញ្ចេញ iPad Pro ជំនាន់ថ្មីប្រើឈីបខ្លាំង M2 chip មានមុខងារថ្មី hover Apple Pencil និងប្រើបច្ចេកវិទ្យាសេវាល្បឿនលឿន Wi-Fi 6E។ បន្ទះឈីប M2 ធ្វើឱ្យ iPad Pro មានល្បឿនលឿនជាង iPad Pro M1 ជំនាន់មុន ១៥% ទៅលើ CPU និងលឿនជាង ៣៥% ទៅលើ GPU។

ឈីបខ្លាំងនេះក៏អំណោយផលអាចឱ្យថតវីដេអូ ProRes ងាយស្រួលដល់ផលិតករភាពយន្តទៀតផង។ បន្ថែមពីថត វាក៏អាច transcoding ឬបម្លែងវីដេអូប្រភេទ ProRes លឿនជាងមុនគុណនឹង ៣ ផងដែរ។ ចំណែកមុខងារថ្មី Apple Pencil Hover អាចឱ្យ Apple Pencil ជំនាន់ទី២ បញ្ជារ iPad Pro បានក្នុងចម្ងាយមិនប៉ះអេក្រង់ ១២មីលីម៉ែត្រ វាផ្ដល់ផលល្អពេលយើងចង់គងប៊ិចនៅលើ file អ្វីមួយ វានឹងលោតដំណើរការដោយមិនបាច់ទៅប៉ះផ្ទាល់ ឬការប្រើមុខងារផ្សេងៗជាច្រើនទៀត។

កាន់តែពិសេសបន្ថែម iPad Pro ក៏មានបំពាក់បច្ចេកវិទ្យា Wi-Fi 6E ដំបូងលើផលិតផលខ្លួន ដែលអាចដោយឡូតក្នុងល្បឿន 2.4Gbps។ ក្រៅពីលក្ខណៈសម្បត្តិសំខាន់ៗខាងលើ iPad Pro នៅរក្សាទំហំនិងទម្ងន់ដូចមុន រួមទាំងកម្រិតពន្លឺ កម្រិត resolution ថាមពលថ្ម speakers ៤គ្រាប់ ប្រើមុខងារ Face ID គឺដូចជំនាន់មុនដដែល។

ចំពោះការដាក់លក់បើកឱ្យកម្មង់ពីថ្ងៃនេះតទៅ និងដាក់លក់ផ្ទាល់នៅថ្ងៃទី២៦ ខែតុលា។ iPad Pro ទំហំ ១១អ៊ិញ តម្លៃចាប់ពី ៧៩៩ដុល្លារ (តម្លៃបរទេស) iPad Pro ទំហំ ១២,៩អ៊ិញ តម្លៃចាប់ពី ១០៩៩ដុល្លារ (តម្លៃបរទេស) វាមានជម្រើសពីរពណ៌គឺប្រផេះ និងពណ៌ប្រាក់ ជាមួយទំហំផ្ទុកចាប់ពី 128GB, 256GB, 512GB, 1TB និង 2TB៕

 

ដកស្រង់ពី៖Sabay