បណ្តាញសង្គម

កម្មវិធី “Miss and Mister Freshy 2022” បង្ហាញបេក្ខភាពប្រកួតផ្លូវការ ១២គូចុងក្រោយ

កម្មវិធី “Miss and Mister Freshy 2022” បានរៀបចំពិធីបង្ហាញបេក្ខភាពផ្លូវការចំនួន ១២គូចុងក្រោយ ក្នុងការប្រកួតយកជយលាភីកញ្ញាឯក និងបុរសឯក ដើម្បីមានឱកាសចេញទៅប្រកួតនៅក្រៅប្រទេស កាលពីល្ងាចថ្ងៃទី១៨ ខែតុលា នៅផ្សារទំនើបអូឡាំព្យា។

លោក ម៉ែន និមលរតន៍ ដែលជាអ្នករៀបចំកម្មវិធីបានថ្លែងទៅកាន់ភ្ញៀវកិតិយស និងបេក្ខភាពទាំង ២៤រូប ថា តាមរយៈកម្មវិធីនេះ នឹងលេចចេញនូវម្ចាស់ជយលាភីដែលមានរូបសម្រស់ស្រស់សង្ហារ ហើពោពេញទៅដោយសមត្ថភាព ចំណេះដឹង និងសេចក្ដីថ្លៃថ្នូរ។ លោកថាម្ចាស់ជយលាភី គឺជាអ្នកបន្ដផ្ដោតលើការថែរក្សា ផ្សព្វផ្សាយវប្បធម៌ ប្រពៃណីជាតិ លើកកម្ពស់អេកូទេសចរណ៍ និងបន្ដការតស៊ីមតិក្នុងការងារជួយសង្គមជាតិ។

បើតាមលោក ម៉ែន និមលរតន៍ ម្ចាស់ជយលាភីកញ្ញាឯក និងបុរសឯកហ្រ្វេស៊ី២០២២ នឹងមានឱកាសឡើងលើឆាកប្រកួតអន្ដរជាតិនៅថ្ងៃខាងមុខ ដែលគេគ្រោងរៀបចំនៅប្រទេសហ្វីលីពីន។ ទន្ទឹមគ្នានេះបេក្ខជន និងបេក្ខនារី សុទ្ធតែបង្ហាញក្ដីសង្ឃឹម និងទឹកមុខស្រស់ថ្លាពេលដើរបង្ហាញមុខលើវេទិកាកាលពីល្ងាចមិញ ក្នុងពេលដែលកម្មវិធីប្រកាសខ្លួនជាបេក្ខភាពផ្លូវការ។

ពិធីប្រកាសបេក្ខភាពផ្លូវការ នៃការប្រកួតកញ្ញាឯក និងបុរសឯកហ្រ្វេស៊ី២០២២ គេក៏សង្កេតឃើញវត្ដមានអតីតបវរកញ្ញា និងបុរសឯក ព្រមទាំងភ្ញៀវកិត្ដិយសប្រមាណ១០០នាក់ផងដែរ។ ក្នុងកម្មវិធីនោះ ក៏មានពិធីពាក់ឆៀងដល់បេក្ខភាពទាំង ២៤រូប ព្រមទាំងមានការប្រគល់ពាន និងលិខិតសរសើដៃដល់ដៃគូសហការជាមួយកម្មវិធី "Miss and Mister 2022” ទៀតផង៕

ដកស្រង់ពី៖ Sabay