បណ្តាញសង្គម

ក្រៅពីច្រៀង លឹម តិចម៉េង ត្រូវគេបន្ថែមអាជីពឲ្យមួយទៀតដើម្បីកំដរសំណើចមហាជន

ម្ចាស់ពាន Cambodian Idol ឆ្នាំ ២០២២ លឹម តិចម៉េង បានបញ្ចេញស្នាដៃបទចម្រៀង និងសកម្មភាពប្លែកៗធ្វើឲ្យគេចាប់អារម្មណ៍រាប់ស្ទើរមិនអស់ចាប់តាំងពីលោកបានក្លាយជាបេះដូងមហាជន។

ប៉ុន្ដែអ្វីដែលកាន់តែប្លែក ហើយអស់សំណើចជាងគេនោះ គឺសកម្មភាពនៅលើឆាកចាប់រង្វាន់ និងសកម្មភាពលើតុអាហារដែលគេលួចថតបាន ហើយយកទៅបង្ហោះនៅចុងខែតុលា នេះ។ នៅលើឆាកប្រគំតន្ដ្រី និងចាប់រង្វាន់មួយនាផ្សារទំនើបអ៊ីអន កាលពីម្សិលមិញលោក លឹម តិចម៉េង បានចងសក់ទីទុយដូចក្មេងស្រីឡើងច្រៀង។ ក្រោយពីច្រៀងចប់លោកក៏ឈរអែបទៅម្ខាង នៃវេទិកា ដើម្បីទុកឲ្យឱកាសពិធីការិនីប្រកាសលទ្ធផលចាប់រង្វាន់វិញ។

យូរៗម្ដង លឹម តិចម៉េង ស្ងាប ដោយដៃម្ខាងខ្ទប់មាត់ និងដៃម្ខាងទៀតកាន់ក្បាលម៉េក្រូ ហើយមានអ្នកបន្ទរថា៖“ងុយដេកចង់ងាប់ហើយ ពេលណាគេឲ្យសម្រាក”។ ចំពោះអ្នកដែលដឹងពីសកម្មភាពការងាររបស់ លឹម តិចម៉េង បានពោលអាណិតផង និងសើចផង ហើយបញ្ជាក់ថា តិចម៉េង រវល់ថត MV មួយថ្ងៃពេញ ហើយពេលយប់ត្រូវមកច្រៀងទៀត ទើបលោកអស់កម្លាំងខ្លាំងបែបនេះ។

ចំណែកសកម្មភាពទី២ គឺនៅលើតុអាហារជាមួយលោក ខេមរៈ សិរីមន្ដ និងពេជ្រ ថៃ ព្រមទាំងអ្នកសិល្បៈមួយចំនួនទៀតកាលពីថ្ងៃម្សិលម្ង៉ៃ។ លឹម តិចម៉េង បានចាប់ម្ហូបញ៉ាំបណ្ដើរ លិឍដៃបណ្ដើរ ហើយដៀងភ្នែកទៅរក ខេមរៈ សិរីមន្ដ និងពិធីករ សុខ រ៉ាស៊ី ដែលកំពុងជជែកគ្នា ក្នុងគោលបំណងសុំឲ្យគេហុចក្រដាសជូតដៃ តែមិនហ៊ានខ្លាចរំខានគេ ខណៈរូបលោក និងពេជ្រ ថៃ ចាប់ផ្ដើមញ៉ាំអាហារមុនគេនោះ។ ពេលកំពុងញ៉ាំ តិចម៉េង បានសម្លឹងមើលម្ហូបលើតុជាច្រើនមុខ ដោយលិឍម្រាមដៃឆ្វេង ហើយដៃស្ដាំធ្វើកាយវិកាខ្ញាំចុះខ្ញាំឡើង។

សកម្មភាពនោះហើយដែលធ្វើឲ្យអ្នកលួចថត និយាយថា៖ "មើលយល់អត់? កំពូលមនុស្សពិតៗ…ចង់សុំក្រដាសគេមកជូតដៃ តែមិនហ៊ាន"។ ក្រោយពីមានអ្នកបញ្ចេញវីដេអូទាំងនេះតាមបណ្ដាញសង្គម ក៏មានអ្នកគាំទ្រម្ចាស់ពានរូបនេះកាន់តែច្រើនអាណិតលោក ហើយអ្នកខ្លះសារភាពថា កាលពីប្រឡងពួកគេបានបោះឆ្នោតឲ្យអ្នកផ្សេង ប៉ុន្ដែពេលនេះកាន់តែស្រឡាញ់ ជាប់ចិត្ដ លឹម តិចម៉េង ទៅវិញ។ ភាពក្រម៉ិចក្រម៉ើមក្រៅឆាកនេះហើយដែលធ្វើឲ្យមហាជន គិតថាលោកមានជំនាញថ្មីមួយទៀតក្រៅពីច្រៀង គឺជាតារាកំប្លែង៕

ដកស្រង់ពី៖ Sabay