បណ្តាញសង្គម

ធ្លាយរឿង ចាប ចៀន កាត់អាវត្រៀមឡើងឧត្ដមសេនីយ៍រួចហើយ តែបែរជាខកទៅវិញ

តារាកំប្លែងជើងចាស់ អ៊ុក សុវណ្ណារិទ្ធិ ហៅនាយ ចាប ចៀន បញ្ជាក់ថារូបលោកនៅបំពេញការងាររដ្ឋ និងការងារសិល្បៈជាធម្មតា ខណៈដែលមហាជនងឿងឆ្ងល់

ថាតើការងារក្រៅសិល្បៈរបស់លោកមានការរីកចម្រើន ឬឡើងឋាន្ដរសក្ដិទេ ព្រោះគេឃើញលោកនៅតែលេងកំប្លែងជាងពាក់កណ្ដាលជីវិតទៅហើយ បើគិតត្រឹមឆ្នាំ២០២២ នេះ។ ក្នុងឱកាសចូលរួមសម្ពោធកម្មវិធីកម្សាន្ដចំនួន ៣របស់ក្រុមកំប្លែងលោកតាវ៉ិចទ័រដែលមានលោកជាសមាជិកក្រុមកំប្លែងនេះកាលពីពេលថ្មីៗ។ លោកបានប្រាប់Sabay ថា នៅនាយកដ្ឋានកងអង្គរក្ស រូបលោកមានឋាន្ដរសក្ដិវរសេនីយ៍ឯក ឬសក្ដិ៥ បានបំពេញការងារនៅស្នងការឃោសនា និងព័ត៌មានជាង ២៥ឆ្នាំហើយ។

មុនឆ្នាំ២០១៩ ដែលជំងឺកូវីដ-១៩ ផ្ទុះឡើង រូបលោកត្រូវបានមេប្រាប់ឲ្យកាត់ខោអាវត្រៀមឡើងឧត្ដមសេនីយ៍ម្ដងដែរ។ ចាប ចៀន៖“និយាយទៅជីវិតពិតរបស់មនុស្សម្នាក់ៗគ្មានអ្នកណាចង់អន់ទេ តែយើងត្រូវទទួលស្គាល់ការពិត ថាតើភាពអស្ចារ្យរបស់យើងបានមកពីអី ហើយយើងសក្ដិសមនឹងទទួលយកវា ឬអត់? បើខ្ញុំអត់មានលក្ខណ្ឌអស្ចារ្យ ហើយខ្ញុំទទួលវាមកក៏អត់មានន័យអីសម្រាប់ខ្ញុំ តែបើថ្នាក់ដឹកនាំលោកមើលឃើញ ហើយផ្ដល់ឲ្យ…ខ្ញុំនឹងទទួលយកដោយរីករាយ”។

ទាក់ទងនឹងការតម្លើងឋាន្ដរសក្ដិពីវរសេនីយ៍ឯក ទៅឧត្ដមសេនីយ៍ត្រី ឬផ្កាយ១ នេះ មានគេសួរលោកច្រើន ថាតើលោកបានឡើងហើយ ឬនៅ? លោកតែងតែឆ្លើយតបទៅគេវិញអមដោយពាក្យលេងសើចថា បច្ចុប្បន្នលោកឡើងហើយ គឺឡើងឈាម ឡើងជាតិស្ករ និងឡើងខ្លាញ់ តែមិនទាន់មានសេចក្ដីប្រកាសឲ្យឡើងជាផ្លូវការនៅឡើយទេ។ ប៉ុន្ដែបើតាមនាយ ចាប ចៀន សិល្បករ-សិល្បការិនីដែលជាមន្ដ្រីបំពេញការងារជាមួយលោកមួយចំនួនទៀត ក៏អាចថ្នាក់ដឹកនាំមើលឃើញពីសមត្ថភាព ហើយតម្លើងឋាន្ដរសក្ដិជាឧត្ដមសេនីយ៍ដំណាលនឹងរូបលោកដែរ នៅថ្ងៃអនាគត៕

ដកស្រង់ពី៖ Sabay