បណ្តាញសង្គម

បទ “ឆារ៉ាក្រមុំបង” របស់ ខេម ល្បីក្រក្រើកជាថ្មី ក្រោយអ្នកលក់លៀសស្រែកច្រៀងតាមដងផ្លូវ

“ឆារ៉ាក្រមុំបង” ដែលជាបទចម្រៀងរបស់ផលិតកម្ម Galaxy ច្រៀងដោយតារាចម្រៀងប្រុសសំឡេងស្អក ខេម បានចេញកាលពីដើមខែមេសា ឆ្នាំ២០២២ ហើយវាល្បីពេញស្រុកភូមិតាមជនបទម្ដងហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ប៉ុន្ដែបទនេះ ស្រាប់តែល្បីកក្រើកជាថ្មីទៀត ក្រោយបុរសម្នាក់លើកយកទៅច្រៀង ដើម្បីលក់លៀសហាល។ ក្នុងពេលដែលម្ចាស់សំនៀងដើមរវល់ការងារ និងជួបជុំគ្រួសារនៅលើទឹកដីសហរដ្ឋអាមេរិករយៈពេល ៣ខែ លោក ចំរើន ដែលគេស្គាល់ថាជាអ្នករុញរទេះលក់លៀសហាលស្ទើរគ្រប់ច្រកល្ហកនៅរាជធានីភ្នំពេញ បានបកស្រាយបទនេះយ៉ាងពីរោះមិនចាញ់លោកខេមប៉ុន្មានទេ។

ក្រោយពីបញ្ចេញសមត្ថភាពច្រៀងតាមដងផ្លូវ ចំរើន ត្រូវបានអ្នកនិពន្ធ គុយលី និងម្ចាស់បទ គឺលោកខេម លាន់មាត់កោតសរសើរនូវទឹកដមសំនៀងរបស់ចំរើន។ ខេម និយាយថា "បងទើបមកដល់អាមេរិកបានពីរបីថ្ងៃសោះ ដណ្ដើមអាជីពបងបាត់ តែនិយាយឲ្យហើយទុកពេលឲ្យតែ ៣ខែទេ សង្ឃឹមថាពេលបងត្រឡប់ទៅវិញប្អូនប្រគល់មកឲ្យបងវិញ"។

ទន្ទឹមគ្នានេះ ឃ្លា “គម្រោងការធ្លាប់គិតរលាយសូន្យខ្ទេច ដូចអាចម៍គោឡានកិន” ដែលអ្នកនិពន្ធរបស់ផលិតកម្មGalaxy ម្នាក់និពន្ធសម្រាប់តារាចម្រៀងខេមច្រៀងនោះ ក៏កំពុងពេញនិយមខ្លាំងណាស់ដែរនៅលើបណ្ដាញសង្គមTik Tok បើទោះបីជាបទនេះមិនទាន់បានចេញជាផ្លូវការ។

តាមរយៈបទចម្រៀងទាំងពីរបទដែលកំពុងល្បីខ្លាំងនៅលើបណ្ដាញសង្គមនេះហើយ ដែលធ្វើឲ្យមហាជនកោតសរសើរទឹកដមសំឡេងរបស់ខេមកាន់តែខ្លាំង។ អ្នកខ្លះនិយាយថា បើទោះបីជាក្នុងទម្រង់បទបែបណា ក៏ខេមនៅតែច្រៀងពីរោះ ធ្វើឲ្យមនុស្សគ្រប់វ័យស្ដាប់ទៅជក់ចិត្ដ៕

ដកស្រង់ពី៖ Sabay