បណ្តាញសង្គម

ខាត់ ចំរើន ធ្លាប់និយាយប្រាប់ប្រពន្ធទាំងក្ដីសង្ឃឹមថាខ្លួនអាចរស់ដល់ខ្ទង់ ៦៥ឆ្នាំ

តារាកំប្លែង ខាត់ ចំរើន ដែលទើបទទួលមរណៈភាពដោយជំងឺបេះដូង និងជំងឺថ្លើមធ្ងន់ធ្ងរក្នុងវ័យជាង ៤០ឆ្នាំ ធ្លាប់និយាយប្រាប់ភរិយា ថាលោកមិនងាយស្លាប់ទៅណាចោលប្រពន្ធ និងកូនឡើយ បើទោះបីជាពេលនោះលោកកំពុងធ្លាក់ខ្លួនឈឺធ្ងន់ក្ដី។

 

កំពុងរវល់ធ្វើបុណ្យ សពតាមប្រពៃណីជូនស្វាមី អ្នកស្រី ប្រាក់ ផល្លី បានប្រាប់អ្នកសារព័ត៌មានថា ស្វាមីរបស់គាត់ គឺលោក ខាត់ ចំរើន ធ្លាប់ប្រាប់គាត់ ដោយក្ដីសង្ឃឹមថា រូបលោកនឹងអាចរស់ដល់អាយុ ៦៥ឆ្នាំ ឬ៧០ឆ្នាំ ឯណោះ ហើយពេលដែល លោកនៅមានជីវិត លោកនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីផ្ដល់ភាពកក់ក្ដៅដល់គ្រួសារ។

ការនិយាយបែបនេះ ធ្វើឲ្យអ្នកស្រីដែលជាភរិយា និងកូនៗមានក្ដីសង្ឃឹម។

ប៉ុន្ដែក្ដីសង្ឃឹមថានឹងបានរស់នៅជួបជុំគ្រួសារបានយូរទៅមុខទៀត បានរលាយសូន្យត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ពោលគឺត្រឹមដែលលោកធ្លាក់ខ្លួនឈឺធ្ងន់ ហើយបញ្ជូនទៅសង្គ្រោះជាលើកទី២ នៅមន្ទីរពេទ្យកាល់ម៉ែត។

បើតាមបងស្រីបង្កើតរបស់លោក ខាត់ ចំរើន គឺអ្នកនាង ខាត់ សុឃីម និយាយថា ប្អូនប្រុសរបស់ខ្លួនមិនដែលអស់សង្ឃឹមក្នុងជីវិតឡើយ ហើយនៅតែរំពឹងថាខ្លួនអាចរស់បានយូរតទៅទៀត។

ខាត់ សុឃីម ឲ្យដឹងបន្ដថា កើតក្នុងឆ្នាំ១៩៨២ ខាត់ ចំរើន តែងតែហូបគ្រឿងស្រវឹងពេលទៅជួបមិត្ដភក្ដិ ឬពេលមានកម្មវិធីម្ដងៗ ដោយមិននឹងស្មានថាខ្លួននៅក្មេងសោះប្រព័ន្ធរាងកាយបែរខួចលឿនយ៉ាងនេះសោះ៕

ដកស្រក់ពី៖ Sabay