បណ្តាញសង្គម

រំភើបជំនួស! ឯកឧត្តម ខៀវ កាញារីទ្ធ ឧបត្ថម្ភថវិកាទិញផ្ទះឱ្យ សឿ សុធារ៉ា និងកូនៗ

តារាសម្ដែងសម្បូរទឹកភ្នែកទាំងនៅក្នុងរឿង និងក្រៅរឿង សឿ សុធារ៉ា ទទួលបានជំនួយបន្ថែមទៀតពីឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយជួយផ្ដល់ថវិកាទិញផ្ទះថ្មី ជាជម្រកស្នាក់នៅជាមួយកូនៗ ក្នុងគ្រាកន្លងមកដែលអ្នកនាងធ្លាក់ខ្លួនឈឺស្នាក់នៅវត្ដ។

 

នេះបើតាមការផ្សាយ លើទំព័រហ្វេសប៊ុក ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ ។ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានផ្ដល់ឱកាសទទួលជួប អ្នកនាង សឿ សុធារ៉ា ជាអតីតតារាសម្ដែង និងកូនៗ ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងបានជួយឧបត្តម្ភជាថវិកា ដល់គ្រួសារអ្នកនាង សម្រាប់ទិញផ្ទះជាជម្រកស្នាក់នៅជាមួយកូនៗ។

ដែលអ្នកនាងធ្លាក់ខ្លួនឈឺស្នាក់នៅវត្ដ គ្មានផ្ទះសម្បែង តែលតោលជាមួយម្ដាយនិងកូនៗ ទន្ទឹមហ្នឹងទើបបាត់បង់ម្តាយជាទីស្រលាញ់ដោយរោគាពាធកាលពីពេលថ្មីៗកន្លងមកនេះទៀតផងដែរ ។

ក្នុងឱកាសនោះ អ្នកនាង សឿ សុធារ៉ា បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជានិច្ចកាលតែងបានជួយគាំទ្រ និងជួយឧបត្តម្ភជាថវិកា ដល់គ្រួសារអ្នកនាង នៅពេលជួបការលំបាកជាពិសេសក្នុងឱកាសនេះ ឯកឧត្តម បានផ្តល់ថវិកា សម្រាប់ទិញផ្ទះជាជម្រកស្នាក់នៅជាមួយកូនៗ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញលើកទឹកចិត្ត ដល់អ្នកនាង សឿ សុធារ៉ា ត្រូវបន្តប្រឹងប្រែងតស៊ូក្នុងជីវិតបន្តទៀត ដើម្បីមើលថែរក្សាកូនៗ អោយប្រឹងប្រែងសិក្សារៀនសូត្រ មានចំណេះដឹង មានអនាគតល្អ ៕

 ដកស្រង់ពី៖ Sabay