បណ្តាញសង្គម

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានរៀបចំ “ការប្រគំតន្រ្តី បង្ហាញពីរឿងរ៉ាវពិត”

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានបង្កើតកម្មវិធីប្រគំតន្រ្តី បង្ហាញពីរឿងរ៉ាវពិត នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុងគោលបំណងប្រកាសលទ្ធផល និងអបអរសាទរដល់ក្រុមដែលទទួលបានជ័យលាភីពីការប្រកួតប្រជែងផលិតវីដេអូខ្លីរដូវកាលទី៣ ក្រោមប្រធានបទ «ចាប់ផ្តើមឥឡូវនេះ»។

 

ការប្រកួតប្រជែងផលិតវីដេអូខ្លីនេះតម្រូវឱ្យបេក្ខជនទាំងអស់បង្ហាញពីរឿងរ៉ាវជីវិតពិតដែលខ្លួន ឬក្រុមរបស់ខ្លួនបានឆ្លងកាត់តាមរយៈសាច់រឿងក្នុងវីដេអូខ្លីនីមួយៗ។

លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជារីករាយណាស់ដែលបានឃើញយុវជនជាច្រើនយល់ដឹងពីអត្ថន័យនៃ ការចាប់ផ្តើមឥឡូវនេះ ហើយចូលរួមផលិតវីដេអូខ្លីៗដែលបង្ហាញ ពីរឿងរ៉ាវជីវិតដ៏ អស្ចារ្យជាច្រើនរបស់ពួកគាត់។

ខ្ញុំសូមលើកទឹកចិត្តដល់យុវជន ក៏ដូចជាប្រជាជនកម្ពុជាឱ្យចាប់ផ្តើមធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ ហើយរស់នៅដោយភាពរីករាយ។

” កញ្ញា ទិន កញ្ញា នាយិកានៃនាយកដ្ឋានទីផ្សារ ក្រុមហ៊ុន FWD Cambodia បានថ្លែងថា៖ “យើងបង្កើតការប្រគំតន្ត្រីនេះដោយផ្សាភ្ជាប់ទៅនឹងអត្ថន័យនៃយុទ្ធនាការផ្សព្វផ្សាយ press play ឬ ចាប់ផ្ដើមឥឡូវនេះ ដើម្បីអបអរ និងបង្កើតអនុស្សារីយ៍ល្អៗដល់ក្រុមប្រកួតទៅលើការចាប់ផ្តើមរបស់ពួកគាត់ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។

”កម្មវិធីប្រកួតប្រជែងផលិតវីដេអូខ្លីរបស់ក្រុមហ៊ុន FWD Cambodia បានធ្វើឡើង ២ រដូវកាលរួចមកហើយ ដែលរដូវកាលទី ៣ នេះ មានអ្នកចុះឈ្មោះចូលរួមសរុបរហូតដល់ ១៩៦នាក់ ហើយមានតែ ៣ ក្រុមប៉ុណ្ណោះ ដែលអាចទទួលបានជ័យលាភី ដោយក្រុមចំណាត់ថ្នាក់លេខ ១ ទទួលបានរង្វាន់ជាទឹកប្រាក់ ៣ លានរៀល ក្រុមចំណាត់ថ្នាក់លេខ ២ ទទួលបាន ២ លានរៀល និងក្រុមចំណាត់ថ្នាក់លេខ ៣ ទទួលបាន ១ លានរៀល។

«Press play» គឺជាយុទ្វនាការផ្សព្វផ្សាយរបស់ក្រុមហ៊ុន FWD ដែលត្រូវបានបង្កើតឡើងដើម្បីឆ្លុះបញ្ចាំងពីរឿងរ៉ាវ និងជីវិតពិតដែលកើតមានឡើងនៅក្នុងបទពិសោធន៍ជីវិតប្រចាំថ្ងៃរបស់ប្រជាជនអាស៊ី។

យុទ្ធនាការនេះជំរុញឲ្យបុគ្គលម្នាក់ៗចាប់ផ្តើមផ្សាភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់ ធ្វើអ្វីដែលពួកគាត់ពេញចិត្ត សាកល្បងរឿងថ្មីៗ និងផ្លាស់ប្ដូរទម្លាប់នៃការរស់នៅជាដើម។

អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD ក្រុមហ៊ុន FWD (FWD Group) ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមាន ទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។

ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតលើការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។

តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.fwd.com.kh ឬហ្វេសបុកផេក FWD Cambodia។

 

 

 

 

ដកស្រង់ពី៖ Sabay