បណ្តាញសង្គម

ខ្សែវាសនា Song Hye Kyo និង Fan Bingbing ឡើងចុះដូចគ្នាពេកហើយ តាំងពីស្នេហា និងការងារ

 

Fan Bingbing និង Song Hye Kyo សុទ្ធតែជាកំពូលតារាអាស៊ី ដែលមានទាំងព្រម ទាំងសមត្ថភាព និងរូបសម្រស់មិនចេះចាស់ ពេញទៅដោយជំនឿចិត្តពេញខ្លួន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ តារាស្រីល្បីប្រចាំប្រទេសចិន និងកូរ៉េ ទាំង ២ រូបនេះ សុទ្ធតែមានវ័យ ៤១ឆ្នាំ ដូចគ្នា ឯប្រជាប្រិយភាពក៏កាន់តែកើនឡើង មិនទន់ទេរទៅតាមវ័យនោះទេ។ គ្រប់គ្នាបានលើកឡើងថា ស្របពេល Song Hye Kyo ត្រូវបានលើកថាជារាជិនី K-Drama (រឿងភាគកូរ៉េ) Fan Bingbing ឯណេះក៏ត្រូវតែជារាជិនីប្រចាំ C-Drama (រឿងភាគចិន) ដែរ។ ខណៈជោគវាសនាលើវិស័យភាពយន្តហក់ឡើងស្រឺតៗចាប់មិនឈ្នះ អ្នកទាំង ២ ក៏ធ្លាប់ជួបអាស្រ័យនឹងជីវិតផ្ទាល់ខ្លួនដែរ ទាក់ទងនឹងករណីពន្ធ។ ជីវិត Fan Bingbing ធ្លាប់ជាប់គាំងដោយសាររឿងនេះ ហើយស្ទើរបាត់បង់ឆ្នាំងបាយសិល្បៈស្ទើរទាំងស្រុង ស្របពេល Song Hye Kyo វិញក៏ធ្លាប់ឱនក្បាលគោរពសុំទោសមហាជននូវអ្វីដែលបានកើតឡើងទាក់ទងនឹងករណីស្រដៀងនេះដែរ។

ឈានចូលជីវិតស្នេហាវិញ តារាស្រីមុខស្រទន់ទាំងពីរ មានប្រវត្តិរងនូវព័ត៌មានចចាមអារ៉ាមរាប់មិនអស់ឡើយ ហើយសូម្បីដំណឹងស្នេហាបែកបាក់ ក៏ត្រូវបានប្រកាសនៅថ្ងៃតែមួយដែរ។ តួយ៉ាងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៩ មានសេចក្ដីរាយការណ៍មកថា Song Joong Ki បានដាក់ពាក្យលែងលះជាមួយនឹង Song Hye Kyo ស្របពេល Li Chen ដែលជាគូស្នេហ៍របស់ Fan Bingbing ក៏បានប្រកាសពីការចែកផ្លូវជាមួយនាងនៅថ្ងៃនោះដែរ។

ការវិលត្រឡប់មកវិញរបស់ រាជិនីភាពយន្ត ទោះបីជាជីវិតឯកជនញាំញីបេះដូងអ្នកទាំង ២ យា៉ងណា ក៏ពួកគេនៅតែងើបឈរបាន ព្រមទាំងវិលមកវិញជាមួយនឹងភាពរឹងមាំ និងជានារីដែលមានបទពិសោធជីវិតច្រើនជាងមុន។ សម្រាប់ Song Hye Kyo បានបង្ហាញខ្លួន ជាមួយនឹងរឿងថ្មី នាងបានធ្វើឲ្យគ្រប់គ្នាស្ញើចសរសើរនឹងសម្រស់មិនខ្ចីចាស់របស់នាង ដ្បិតឈានដល់វ័យ ៤១ឆ្នាំ ក៏ពិតមែន។ ក្រៅពីការងារសម្ដែង នាងក៏មមាញឹកខ្លាំងដែរ ជាមួយនឹងការងារថតស្ប៉តពាណិជ្ជកម្ម និងម៉ូដជាច្រើន។

ឯ Fan Bingbing វិញក៏មិនអន់ដែរ ព្រោះក្រោយដកខ្លួនពីសិល្បៈ ដោយសារករណីគេចពន្ធ នាងបានវិលមកវិញជាមួយនឹងភាពល្អឥតខ្ចោះ នូវសម្រស់លេចធ្លោ នៅតែក្មេង និងជាទីពេញចិត្តរបស់មហាជនដដែល៕

ដកស្រង់ពី៖ Sabay