បណ្តាញសង្គម

កាដូលួងចិត្ដសម្រាប់ឆ្នាំ២០២៣ ភិន សុដាលីស ទើប​សម្រេចបំណងប្រាថ្នាដែលកប់ទុកជិត ១០ឆ្នាំ

មហាជន ជាពិសេសអ្នកគាំទ្រ ទើបចាប់ភ្លឹកលើទម្រង់មុខរបស់តារាសម្ដែង ភិន សុដាលីស នៅដើមឆ្នាំ២០២៣ នេះ ក្រោយកញ្ញាបង្ហាញមុខជាសាធារណៈជាមួយឪពុក និងតារាល្បីៗជាច្រើនរូបទៀតក្នុងឱកាសសម្ពោធរឿងមួយរបស់ផលិតកម្មមហាហង្សកាលពីពេលថ្មីៗ។

ទម្រង់មុខសមនឹងចង្ការ ប៉ុន្ដែសាច់មុខហាក់នៅហើមបន្ដិច ត្រូវបាន ភិន សុដាលីស បញ្ជាក់ថា កញ្ញាទើបតែដកធ្មេញ និងដាក់ប្រេសដើម្បីពុតធ្មេញ។ បើទោះបីជាឈឺបន្ដិចក្ដី ប៉ុន្ដែនេះជាក្ដីប្រាថ្នាក្នុងការកែសម្រស់ដែលកញ្ញាប៉ងជាយូរណាស់មកហើយ ប៉ុន្ដែចេះតែខ្លាច ហើយម្យ៉ាងកាលណោះក៏នៅជាប់រវល់ខ្លាំងជាមួយការងារសិល្បៈ ទើបត្រូវបង្ខំចិត្ដពន្យារពេលរហូតមកដល់ថ្ងៃនេះ។

ភិន សុដាលីស៖ "ខ្ញុំចង់ពុតធ្មេញតាំងពីនៅHigh school ណោះ តែចេះតែខ្លាច ហើយណាមួយពីមុនរវល់ថតខ្លាំង ហើយរឿងភាគច្រើនជាតួកូនអ្នកខេត្ដ កូនអ្នកក្រ អីចឹងបើធ្វើតាំងពីពេលហ្នឹងមកវាដូចអត់សម អីចឹងទើបខ្ញុំត្រូវកប់ទុកបំណងប្រាថ្នាហ្នឹងឡើងជិត១០ឆ្នាំ ទើបឥឡូវទេខ្ញុំសម្រេចធ្វើវាទុកជាកាដូលួងខ្លួនឯងក្នុងឆ្នាំថ្មី"។

ទោះជាយ៉ាងណាតារាស្រីដែលជាកូនស្រីបង្កើតរបស់លោក អ៊ិន សុភិន រូបនេះ ពុំមានបំណងកែទម្រង់មុខ ឬលើផ្នែករាងកាយត្រង់ណាផ្សេងទៀតទេ ក្រៅពីការដក និងពុតធ្មេញនេះ។ ទន្ទឹមគ្នានេះកញ្ញា ភិន សុដាលីស ក៏ទទួលស្គាល់ថា កញ្ញាឡើងគីឡូច្រើន ហើយក៏មានគម្រោងសម្រកក្នុងពេលខាងនេះដែរ ដើម្បីបន្ដសកម្មភាពថតរឿងបន្ថែមទៀត៕

ដកស្រង់ពី៖ Sabay