បណ្តាញសង្គម

ទិញ​ចំរថយន្តមានគីឡូច្រើនៗ កុំទាន់​បារម្ភ​ពេកអី

ថ្វីត្បិតតែបច្ចុប្បន្ននៅកម្ពុជា ចាប់ផ្តើមមានទំនោរទៅលើការប្រើប្រាស់រថយន្តថ្មីៗខ្លាញ់គោក៏ពិតមែន ប៉ុន្តែយើងឃើញថា រថយន្តមួយទឹក ឬរថយន្តជជុះពីស្រុកគេដែលភាគច្រើនមកពអាមេរិកនោះ ក៏នៅតែមានការពេញនិយមដដែល។

ចំពោះការប្រើរថយន្តចាស់ៗបែបនេះ គឺច្បាស់ណាស់ គេនឹងគិតដល់ចំនួនគីឡូម៉ែត្រមុនគេ ថាតើវារត់បានចម្ងាយប៉ុនណាហើយ និងគួរទិញវាយកមកប្រើប្រាស់ឬអត់។ មែនទែនទៅ មកទល់ពេលនេះ គ្មានស្តង់ដាជាក់លាក់ណាមួយដែលកំណត់ពីចំនួនគីឡូម៉ែត្រត្រូវបញ្ឈប់ការប្រើប្រាស់រថយន្តនោះទេ។ ប៉ុន្តែយើងអាចពិចារណាបានចំពោះចម្ងាយនៃការរត់របស់រថយន្តក្នុង១ឆ្នាំៗ គិតជាមធ្យម រួមជាមួយនឹងអាយុកាលរបស់វា។ ជាទូទៅនៅសហរដ្ឋអាមេរិក ការប្រើប្រាស់រថយន្តជាមធ្យមគឺ ប្រមាណពី ១២ ០០០ ទៅ ១៥ ០០០ម៉ាយល៍ក្នុងមួយឆ្នាំ។

ដូច្នេះប្រសិនបើរថយន្តនោះមានអាយុកាល ៥ឆ្នាំ នោះនៅលើកុងទ័រចំណុច odometer នឹងមានចម្ងាយគីឡូសរុបចន្លោះពី ៦០ ០០០ ទៅ ៧០ ០០០ម៉ាយល៍។ បើតាមការិយាល័យដឹកជញ្ជូនអាមេរិក បង្ហាញថា រថយន្តដែលបើកបរលើដងផ្លូវក្នុងប្រទេសនេះ ជាមធ្យមគឺមានអាយុប្រហែល ១២ឆ្នាំ។ ដូច្នេះ សរុបជារួម ប្រសិនបើរថយន្តមានកុងទ័រ odometer ប្រហែលជិត ២០០ ០០០ម៉ាយល៍ គឺនៅតែអាចប្រើប្រាស់បានធម្មតា។

តែយ៉ាងណា រថយន្តដែលមានគីឡូច្រើនបែបនេះ គឺវាចូលដល់បន្ទាត់ក្រហម ដែលជាសញ្ញាត្រូវបង្កើនការថែទាំដើម្បីបន្តការប្រើប្រាស់ឱ្យបានកាន់តែយូរ ដូចជា ការផ្លាស់ប្តូរជាទៀងទាត់នូវប្រេងម៉ាស៊ីន ប្រេងប្រអប់លេខ និងប្រេងហ្វ្រាំងជាដើម ផ្លាស់ប្តូរគ្រឿងបន្លាស់ដែលសឹករិចរិល សម្អាតដីធូលីផ្សេងៗចេញពីម៉ាស៊ីន និងព្យាយាមចាប់អារម្មណ៍នូវភាពមិនប្រក្រតីរបស់ម៉ាស៊ីន ឬមានធំក្លិនអ្វីផងដែរ៕

 

ដកស្រង់ពី៖Sabay