បណ្តាញសង្គម

iPhone នឹងកាន់តែថ្លៃ តែមេ​ Apple ថា ឱ្យតែមាន​ប្រយោជន៍ គេហា៊នជះលុយទិញមិនខ្វល់

ក្រុមហ៊ុន Apple ទំនងជាបញ្ចេញ iPhone ស៊េរីថ្មីដែលកាន់តែមានតម្លៃខ្ពស់ជាងមុន គឺ iPhone Ultra បន្ថែមពីលើ iPhone Pro និង Pro Max។ កំពូលស្មាតហ្វូននេះ នឹងបង្ហាញខ្លួនក្នុងអំឡុងឆ្នាំ២០២៤ ជាមួយខ្សែស្រលាយ iPhone 16។

នេះបើយោងតាមលោក Mark Gurman អ្នកតាមដាន និងវិភាគរាល់សកម្មភាពរបស់ Apple។ លោក Gurman បានកត់សម្គាល់ឃើញថា iPhone Ultra នឹងមិនមែនជាស្មាតហ្វូនអេក្រង់បត់នោះទេ ដោយគ្រាន់តែវាមានអេក្រង់ធំជាងមុន ពោលគឺធំជាងម៉ូឌែល Pro Max ទៅទៀត និងបំពាក់កាមេរ៉ាកាន់តែប្រសើរជាងមុន ជាពិសេសគឺបំពាក់ឈីបជំនាន់ក្រោយបំផុត ដែលធ្វើឱ្យការថាច់លឿនជាងមុនផងដែរ។

ចំពោះស្មាតហ្វូនបត់អេក្រង់ Apple មិនទាន់អភិវឌ្ឍក្នុងពេលឆាប់ៗនេះឡើយ ដោយត្រូវចំណាយពេលច្រើនឆ្នាំទៀត។ យ៉ាងណាមិញ លោក Time Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានអះអាងថា អតិថិជិនចង់ជះលុយទិញកាន់តែច្រើន ដើម្បីទទួលបានផលិតផលមួយដែលកាន់តែប្រសើរ និងមានប្រយោជន៍ជាងមុន ខណៈ iPhone បានក្លាយជាផ្នែកមួយនៃជីវភាពរស់នៅរបស់មនុស្សនាពេលបច្ចុប្បន្នទៅហើយ។ តែយ៉ាងណា លោកមិនបញ្ជាក់ទេថា iPhone ជំនាន់ក្រោយនឹងឡើងថ្លៃ ឬយ៉ាងណានោះទេ។ កាលពីខែកញ្ញាឆ្នាំ២០២២ លោក Gurman បានទស្សន៍ទាយថា ម៉ូឌែល Ultra អាចនឹងជំនួសតំណែង Pro Max សម្រាប់ iPhone 15 ដែលនឹងចេញក្នុងឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះដែរ iPhone 15 Pro និង Pro Max ត្រូវបានគេអះអាងថា នឹងដាក់រន្ធ USB-C និងបំពាក់លេនកាមេរ៉ា periscope ជាមួយនឹង optical zoom កាន់តែប្រសើរ៕

 ដកស្រង់ពី៖Sabay