បណ្តាញសង្គម

Toyota ប្រកាស​ចេញ​ Grand Highlander​ 2024 ជាលើកដំបូង​ មាន​ជម្រើសម៉ាស៊ីន៣

ក្រុមហ៊ុន Toyota ទើបតែបានបញ្ចេញរថយន្ត Grand Highlander 2024 ដែលជាខ្សែស្រលាយ SUV ថ្មីមួយទៀត ដែលមានកៅអី៣ជួរ។ វាជា SUV កៅអី៣ជួរថ្មីសម្រាប់ឆ្នាំ២០២៣នេះ បន្ទាប់ពី Jeep Grand Cherokee L, Hyundai Palisade និង Kia Telluride ជាដើម។

បើប្រៀបធៀបនឹងម៉ូឌែល Highlander ធម្មតា គឺ Grand Highlander នេះ ធំជាង និងទូលាយជាង ដោយផ្តល់នូវកម្រិតដឹកបន្ថែមបានដល់ជាង ៣៧០លីត្រ ប៉ុន្តែនៅតូចជាង Toyota Sequoia។ ជាមួយគ្នានេះ វាចេញមកដើម្បីប្រកួតជាមួយបណ្តា SUV ល្បីៗនៅសហរដ្ឋអាមេរិក ដូចជា Ford Explorer និង Chevrolet Traverse ខណៈការលក់រថយន្តប្រភេទនេះ បានកើនឡើង ៤% គិតពីឆ្នាំ២០១៨ ដល់ ២០២២។

យ៉ាងណាក៏ដោយ ការបញ្ចេញ Grand Highlander របស់ Toyota នេះ នឹងមិនជួយជំរុញការលក់ឱ្យបានខ្លាំងក្លាអ្វីនោះទេ តែវាជាជម្រើសថ្មីបន្ថែមទៀតសម្រាប់អតិថិជនខ្លួន ខណៈ Highlander ធម្មតា កាលពីឆ្នាំមុន គឺស្ថិតក្នុងចំណោមរថយន្តដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុនជប៉ុននេះរួចមកហើយ ប្រមាណជាង ២២ម៉ឺនគ្រឿង។ សូមជម្រាបថា Toyota Grand Highlander មានជម្រើសប្រើម៉ាស៊ីន ៣ផ្សេងគ្នា រួមមាន៖ ម៉ាស៊ីនទាក់បូ ចំណុះ ២,៤លីត្រ, ម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ និងម៉ាស៊ីន Hybrid MAX V6 ដែលអាចផលិតបានកម្លាំង ៣៦២សេះ និងកម្លាំងរមួល ៥៤២ញ៊ូតុនម៉ែត្រ។ ចំណែកអេក្រង់ថាច់ស្គ្រីន មានទំហំ ១២,៣អ៊ីញ អាចភ្ជាប់ Android Auto និង Apple CarPlay៕

ដកស្រង់ពី៖Sabay