បណ្តាញសង្គម

ប្រព័ន្ធប្រតិបត្តិការ Android 14 មកជាមួយឡូហ្គូថ្មី និង​កាន់តែ​មានសុវត្ថិភាព​ជាងមុន

ក្រុមហ៊ុន Google បានបញ្ចេញរូបភាពលើកដំបូងនូវប្រព័ន្ធប្រតិបត្តិការជំនាន់ក្រោយរបស់ខ្លួនគឺ Android 14 ដែលស្ថិតក្នុងដំណាក់កាល Developer Preview 1 មុនឈានដល់ការដាក់ប្រើជា Beta។

OS ថ្មីនេះ មកជាមួយឡូហ្គូឌីហ្សាញបែបថ្មីជាការជំរុញពីបេសកកម្មអវកាស NASA និងមានសុវត្ថិភាព និងឯកជនភាពជាង OS ជំនាន់មុនៗ ហើយក៏បានផ្តោតលើកម្រិតថ្មប្រើប្រាស់បានយូរផងដែរ។ មិនតែប៉ុណ្ណោះប្រព័ន្ធប្រតិបត្តិការថ្មីនេះ ត្រូវបានអភិវឌ្ឍឱ្យកាន់តែស៊ីគ្នាជាមួយនឹងថេបប្លេត និងស្មាតហ្វូនបត់អេក្រង់ទៀតផង។ Google បញ្ជាក់ថា សុវត្ថិភាព គឺជាកត្តាធំមួយនៃគ្រប់ Android ដែលបានបញ្ចេញថ្មីៗ ហើយ Version 14 នេះ នឹងប្លុកនូវការដំឡើង (install) កម្មវិធី Android ចាស់ៗ។

ទន្ទឹមនឹងនេះ វាក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចពង្រីកទំហំ Font ដល់ ២០០% ឯណោះ ព្រមទាំងអាចកំណត់ពង្រីកអក្សរដូចក្នុងរូបខាងក្រោមផងដែរ។ Android 14 ក្នុងដំណាក់កាលនេះ គឺប្រើប្រាស់បានតែស្មាតហ្វូន Google តែប៉ុណ្ណោះ ដូចជា Pixel 7 Pro, Pixel 7, Pixel 6a, Pixel 6 Pro, Pixel 6, Pexel 5a 5G និង Pixel 4a 5G។ សូមបញ្ជាក់ថា Google គ្រោងនឹងបញ្ចេញ Android 14 ក្នុងដំណាក់កាល Developer Preview 2 នៅខែក្រោយ ហើយបន្តទម្លាក់ Beta នៅអំឡុងខែមេសា និងអាចដាក់ឱ្យប្រើប្រាស់ផ្លូវការ នៅអំឡុងខែសីហា ឆ្នាំ២០២៣ខាងមុខ៕

ដកស្រង់ពី៖Sabay