RAM បានប្រកាសថា រថយន្តភីកអាប់អគ្គិសនីទីមួយរបស់ខ្លួនមានឈ្មោះថា 1500 REV ដែលគ្រោងនឹងផលិតនៅឆ្នាំក្រោយ។ ការដាក់ឈ្មោះរថយន្តនេះ គឺជាជំហានចុងក្រោយបំផុតរបស់ RAM ក្នុងការឆ្ពោះទៅរករថយន្តប្រភេទអគ្គិសនី ដែលចាប់ផ្តើមមានការពេញនិយមកាន់តែខ្លាំងក្នុងទីផ្សារ។
លោក Mike Koval Jr. នាយកប្រតិបត្តិ Ram បញ្ជាក់ថា ក្រុមហ៊ុននឹងបញ្ជូនរថយន្តភីកអាប់អគ្គិសនីទីមួយ RAM 1500 REV នេះ ទៅឱ្យអតិថិជនក្នុងឆ្នាំ២០២៤។ «យើងមានទំនុកចិត្តថា RAM 1500 REV នឹងជំរុញដល់ការប្រកួតប្រជែង ផ្តល់នូវអ្វីដែលជាភាពឈានមុខក្នុងការយកចិត្តទុកដាក់ចំពោះអតិថិជន ដូចជា ចម្ងាយបើកបរ ការផ្ទុកទំនិញ ការអូសសណ្តោង និងការសាកលឿនជាដើម»។
បើតាមការអះអាងរបស់ RAM កាលពីពេលកន្លងមក បង្ហាញថា ភីកអាប់អគ្គិសនីទីមួយរបស់ខ្លួន នឹងមានចំណុចលេចធ្លោលើសគេ បើប្រៀបធៀបនឹងគូប្រជែងធំៗ ដូចជា Ford F-150 Lightning និង Chevrolet Silverado ទៅលើចម្ងាយនៃការបើកបររាល់ពេលសាកភ្លើងពេញម្តងៗ។ ប៉ុន្តែយ៉ាងណាមិញរហូតមកដល់ពេលនេះ RAM នៅមិនទាន់បានបញ្ជាក់ពីទំហំអាគុយ និងម៉ាស៊ីនរបស់វានៅឡើយទេ។ បន្ថែមលើសនេះ RAM 1500 REV នឹងបំពាក់បច្ចេកវិទ្យាដែលមិនងាយឱ្យអាគុយឆាប់ខូចនៅពេលដឹកធ្ងន់ ឬអូសសណ្តោងធ្ងន់ឡើយ។ រថយន្តនេះ នឹងត្រូវអភិវឌ្ឍលើគ្រោងឆ្អឹង STLA៕
ដកស្រង់ពី៖Sabay