បណ្តាញសង្គម

ប៊ី សុធារី ឈ្នះឈុត​តំណាង​ជាតិ ក្នុង​ការ​ប្រកួត​អន្ដរជាតិ Miss Charm 2023 នៅប្រទេសវៀតណាម

ប៊ី សុធារី ដែលជាMiss Charm Cambodia 2023 តំណាងឲ្យជាតិកម្ពុជា បានចេញទៅប្រទេសវៀតណាម ដើម្បីប្រកួតជាលក្ខណៈអន្ដរជាតិ។

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ទើបមកដល់ថ្ងៃម្សិលមិញនេះ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីMiss Charm International បង្ហាញលទ្ធផលថា កញ្ញាប៊ី សុធារី បានឈ្នះក្នុងឈុតតំណាងជាតិ។យោងតាមគណនីហ្វេសប៊ុកលោក កៅ សីហា និងគេហទំព័រកម្មវិធីប្រឡងបវរកញ្ញាអន្ដរជាតិមួយឲ្យដឹងថា កញ្ញា ប៊ី សុធារី បានឈ្នះឈុតតំណាងជាតិ ក្នុងចំណោមបវរកញ្ញាពីររូបផ្សេងទៀត គឺបវរកញ្ញាមកពីប្រទេសវៀតណាម និងមីយ៉ាន់មា ក៏បានឈ្នះឈុតតំណាងជាតិដែរ។

ផលិតករដ៏ល្បីប្រចាំនៅស្ថានីយទូរទស្សន៍ហង្សមាស កៅ សីហា បានសម្ដែងការត្រេកអរ និងគំាទ្រសកម្មភាពរបស់កញ្ញា ប៊ី សុធារី ថា សូមអបអរសាទរ សេដ្ឋីនី យ៉ាន ក្នុងរឿង"ម្ចាស់កីតម្បាញ" បានឈ្នះឈុតតំណាងជាតិក្នុងការប្រឡង Miss Charm ហើយ។ គេសង្កេតឃើញថា លោក កៅ សីហា បានតាមដានសកម្មភាពប្រឡងរបស់កញ្ញា ប៊ី សុធារី ជាប្រចាំ ដោយទាំងមុន និងក្រោយការប្រឡងគេឃើញលោកប្រកាសដល់អ្នកគាំទ្ររបស់ខ្លួន និងអ្នកគាំទ្រកញ្ញា ប៊ី សុធារី ឲ្យជួយលើកទឹកចិត្ដ ឬគាំទ្រកញ្ញាក្នុងអំឡុងពេលប្រឡងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់តាំងពីថ្ងៃទី៥ រហូតមកដល់ថ្ងៃផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ៕

ដកស្រង់ពី៖ Sabay