បណ្តាញសង្គម

ចូលឆ្នាំ ឆ្នាំនេះមិនបាននៅស្រុកទេ សាយ សៀរ៉ា ត្រូវចេញទៅបំពេញការងងារនៅប្រទេសបារាំងពេញ ១ខែ

តាមគម្រោងតារាសម្ដែង និងចម្រៀង សាយ សៀរ៉ា នឹងចេញទៅប្រទេសបារាំងនៅចុងខែមីនា ឆ្នាំ២០២៣ ដើម្បីសម្ដែង និងច្រៀងជាមួយសិល្បករ-សិល្បការិនីមួយចំនួនទៀត។

មុនចេញពីមាតុភូមិតារាប្រុសរូបសង្ហារ សៀរ៉ា បានបង្ហើបប្រាប់អ្នកគាំទ្ររបស់ខ្លួនថាលោកនឹងឃ្លាតពីមាតុភូមិរយៈពេល ១ខែពេញ។ តាមរយៈការសាកសួរបន្ថែមពីអ្នកយកព័ត៌មានរបស់Sabay នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ នេះ លោកបញ្ជាក់ថា រូបលោកទើបទទួលបានទិដ្ឋការរយៈពេលមួយខែពេញនៅប្រទេសបារាំង ពោលគឺចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

ដូច្នេះក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ លោកមិនបាននៅជួបជុំឪពុក-ម្ដាយ និងញាតិមិត្ដ ដើម្បីធ្វើបុណ្យជុំគ្នានៅស្រុកកំណើតដូចរាល់ឆ្នាំនោះទេ។ ប៉ុន្ដែនៅប្រទេសបារាំងលោកក៏នឹងសម្ដែង និងច្រៀងក្នុងឱកាសនេះដែរ។ ទោះជាយ៉ាងណា តារាសម្ដែងរូបនេះ មិនបានបញ្ជាក់ថាលោកនឹងរួមដំណើរជាមួយសិល្បករ-សិល្បការិនីណាខ្លះ ហើយនឹងទៅសម្ដែងនៅកន្លែងណាខ្លះ នៃប្រទេសបារាំងនោះទេ។

ប៉ុន្ដែគេសង្កេតឃើញ សៀរ៉ា ក៏មានទីផ្សារសិល្បៈមិនចាញ់តារាល្បីៗជំនាន់ក្រោយប៉ុន្មានដែរ ប៉ុន្ដែជារើយៗលោកត្អូញត្អែរពីប្រាក់ចំណូលពីសិល្បៈ ហើយលោកតែងតែងាកទៅរកការងារជួយLive លក់ផលិតឲ្យក្រុមហ៊ុនផ្សេងៗ ខណៈដែលសកម្មភាពមនុស្សធម៌លោកធ្វើជាប្រចាំ៕

ដកស្រង់ពី៖ Sabay