បណ្តាញសង្គម

មិនលេងសើចទេ! Mark Zuckerberg អាចរក​លុយ​បានដល់ពាន់លានដុល្លារ​ពីសេវា​បង់ថ្លៃ Meta Verified

សេវាបង់ថ្លៃប្រចាំខែដែលគម្រោងថ្មីរបស់ក្រុមហ៊ុន Meta ទំនងជាជួយរកចំណូលឱ្យក្រុមហ៊ុនរបស់លោក Mark Zuckerberg បានរហូតដល់ ១,៧ពាន់លានដុល្លារឯណោះ ក្នុងឆ្នាំ២០២៤។ នេះបើតាមការព្យាកររបស់ធនាគារអាមេរិក។

សូមជម្រាបថា ស្ថាបនិកក្រុមហ៊ុន Meta បានប្រកាសពីគម្រោង Meta Verified នេះ ដោយតម្រូវឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram បង់ ១ខែចំនួន ១១,៩៩ដុល្លារ នៅលើ Web ឬ ១៤,៩៩ដុល្លារ ក្នុង១ខែ នៅលើ iOS។ នៅពេលទទួលបានសញ្ញាធីកពណ៌ខៀវ Verify នេះ អ្នកប្រើប្រាស់ នឹងទទួលបានសុវត្ថិភាពជាងមុន ព្រមទាំងការការពារបន្ថែមពីការបន្លំគណនី ឬ Fake Account ពីជនទុច្ចរិតផងដែរ ហើយជាពិសេសទៀតនោះ គឺរាល់ពេលបង្ហោះអ្វីមួយ វានឹងបង្កើនចំនួន Reach កាន់តែច្រើនជាងមុនទៀតផង។ ក្រៅពីនេះ Creator ក៏នឹងទទួលបាន Recommendation និង search ឆាប់រកឃើញជាដើម។ អ្នកវិភាគរបស់ធនាគារអាមេរិក បានលើកឡើងថា សេវា subscription នេះ នឹងទាក់ទាញដល់បណ្តា Influencer និង Creator ព្រមទាំងក្រុមហ៊ុនអាជីវកម្ម ឱ្យប្រើប្រាស់សេវាកម្មមួយនេះ ពោលគឺនឹងអាចមាន subscriber រហូតដល់ចំនួន ១២លានត្រឹមដើមឆ្នាំ២០២៤ និងអាចបង្កើតចំណូលបានឱ្យក្រុមហ៊ុន Meta បានរហូតដល់ ១,៧ពាន់លានដុល្លារ នៅឆ្នាំក្រោយផងដែរ។

គួរដឹងថា គម្រោងនេះធ្វើឡើងបន្ទាប់ពីលោក Elon Musk កាលពីខែធ្នូ បានសម្រេចគិតថ្លៃ ៨ដុល្លារក្នុង១ខែ ឬ ៨៤ដុល្លារក្នុង១ឆ្នាំ ពីអ្នកប្រើប្រាស់ Twitter នៅលើ web និង ១១ដុល្លារក្នុង១ខែ នៅលើ iOS និង Android ដើម្បីទទួលបានសញ្ញាធីកពណ៌ខៀវគណនី ឬ Verified Account ដែលទទួលបានអត្ថប្រយោជន៍ស្រដៀងនឹង Facebook ខាងលើនេះដែរ។ សេវាថ្មីរបស់ Twitter នេះ មានអ្នក Subscribe ជិត ៣០ម៉ឺនហើយ នៅទូទាំងពិភពលោក គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៣៕

ដកស្រង់ពី៖Sabay