បណ្តាញសង្គម

VinFast ប្រគល់​ឡានឱ្យ​អតិថិជន​នៅអាមេរិក​ហើយ ជា​ជំហានទីមួយ​នៃការ​វៃ៉លុក​ចូលទីផ្សារ​ពិភពលោក

នៅទីបំផុត ក្រុមហ៊ុនវៀតណាម VinFast បានបញ្ជូនរថយន្តអគ្គិសនីរបស់ខ្លួនឱ្យអតិថិជននៅទីផ្សារអាមេរិក តាមការសន្យាហើយ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីពន្យារពេលកន្លងមក ដោយសារត្រូវអាប់ដេត software បន្ថែម។

នេះជាគឺជំហានដំបូងរបស់ក្រុមហ៊ុនរថយន្តវៀតណាមនេះ ក្នុងការឆ្ពោះទៅរកទីផ្សារសាកល។ រថយន្តដែលប្រគល់ឱ្យអតិថិជននេះ ជារថយន្តអគ្គិសនី ម៉ូឌែល VF 8 City Edition ចំនួន ៤៥គ្រឿង ពោលគឺស្ថិតក្នុងចំណោម ៩៩៩គ្រឿងដែលបញ្ជូនទៅអាមេរិក កាលពីចុងឆ្នាំកន្លងទៅ។ ការប្រគល់នេះ ធ្វើឡើងនៅតាម Showroom របស់ VinFast ចំនួន៩កន្លែងនៅរដ្ឋកាលីហ្វ័រញ៉ា។

សូមជម្រាបថា រថយន្ត VF 8 City Edition មានចំនួន២ option គឺ Eco និង Plus ដែលអាចបើកបរបានចម្ងាយជាង ៣០០គីឡូម៉ែត្រ ពេលសាកភ្លើងពេញម្តង។ វាបំពាក់បច្ចេកវិទ្យាចុងក្រោយដោយរួមមាន ADAS និង Smart Services។ លោក Gareth Dunsmore អនុប្រធានប្រតិបត្តិក្រុមហ៊ុន VinFast ប្រចាំនៅអាមេរិក ទទួលបន្ទុកផ្នែកលក់សាកល និងទីផ្សារ បាននិយាយថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការប្រគល់រថយន្តនេះ គឺជាការបំពេញតាមកិច្ចសន្យា ហើយក៏ជាការជំរុញទឹកចិត្តបន្ថែមទៀតផងដែរ។

VinFast ក៏កំពុងបន្តរៀបចំកម្មវិធីការបើកបរសាកល្បងនៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីផ្តល់ឱ្យអតិថិជននូវបទពិសោធន៍ និងផ្សារភ្ជាប់ជាមួយផលិតផល និងសេវាកម្មរបស់ VinFast៕

ដកស្រង់ពី៖Sabay