បណ្តាញសង្គម

ប្រភពមហាសែនស្និទ្ធ J-Hope និង Jimin ប្រាប់ពីសុខទុក្ខគ្រប់យ៉ាងរបស់ Jin ពេលទៅធ្វើទាហាន

 

Kim Seokjin បានចូលបំពេញតួនាទីនាមជានាយទាហានជូនជាតិជាផ្លូវការកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ហើយក៏ត្រូវអវត្តមានពីសិល្បៈរហូតដល់ឆ្នាំ ២០២៤ ពោលនៅពេលលោកបញ្ចប់ភារកិច្ចចប់សព្វគ្រប់។

ទោះបីឃ្លាតទៅឆ្ងាយ ក៏ Jin មិនទុក ARMY នៅឯកាដែរ ដោយសន្យានឹងធ្វើបច្ចុប្បន្នភាព (Update) ឲ្យបានដឹងពីសុខទុក្ខរបស់លោក រៀងរាល់ខែ។ ជាក់ស្ដែងដូចថ្មីៗ លោកក៏បានវិលមក Instagram ដើម្បីជូនពរថ្ងៃកំណើត J-Hope ទៀតផង។ ទោះជាយ៉ាងណា ដោយក្ដីនឹករលឹក J-Hope និង Jimin ក៏បានមកជួបបងប្រុសរបស់ខ្លួន ដែលកំពុងនៅបន្ទាយទាហាន ព្រមទាំងបានថតរូបជុំគ្នា ថែមប្រាប់ពីសុខទុក្ខ Jin ផងដែរ។ ស្ថិតក្នុងវីដេអូ Live ស្វាគមន៍ការចេញផ្សាយបទថ្មី "on the street” J-Hope មិនត្រឹមតែជជែកលេងជាមួយនឹងអ្នកគាំទ្រ ពីស្នាដៃរបស់ខ្លួនទេ ថែមទាំងបានបង្ហើបពីសុខទុក្ខរបស់ Jin ទៅឲ្យគ្រប់គ្នាបានដឹងទៀត៖ J-Hope៖ «មុខមាត់របស់បង នៅតែសង្ហា! គាត់ញ៉ាំឆ្ងាញ់ជាងពីមុនទៅទៀត។

បងខំញ៉ាំ ឡើងខ្ញុំលាន់មាត់ “បង! ហើយបងហូបបានម្ល៉េះឥឡូវ?" គាត់ថា គាត់អត់ដឹងធ្វើម៉េចទេ ដឹងតែញ៉ាំបានឆ្ងាញ់! ខ្ញុំថា អ្នកដែលបានទៅដល់នោះ ដឹងតែញ៉ាំបានឆ្ងាញ់ហើយ ហាហាហា! ខ្ញុំគិតថា គាត់ឡើងទម្ងន់បន្តិចជាងមុន ហើយមើលទៅគាត់ក៏មានសុខភាពល្អជាងមុនដែរ»។ ឯ Jimin វិញ ក៏បានចេញ Live ដែរកាលពីពេលកន្លងទៅ ដោយបានលើកពីសមាជិកផ្សេងៗទៀត មក Update ឲ្យអ្នកគាំទ្របានដឹង ក្នុងនោះក៏មាន Jin ដែរ។

សមាជិក BTS រូបនេះបានរៀបរាប់ថា៖ «ពួកយើងបានទៅលេងបង Jin! ខ្ញុំបានទាក់ទងដូចជា ២ សប្ដាហ៍ដែរហើយ មែនទែនទៅ វានឹងអេមហ្មង បើសមាជិកទាំងអស់អាចចេញក្រៅទាំងអស់គ្នា ប៉ុន្តែដោយសារម្នាក់ៗរវល់ជាមួយការងាររៀងខ្លួនផង...ខ្ញុំទើបនៅត្រឹមដំណាក់កាលនៃការត្រៀមខ្លួន ដូច្នេះខ្ញុំនៅអាចឆ្លៀតពេលបានខ្លះ ស្រាប់តែបង Hoseok បបួល ដូច្នេះយើងក៏ទៅទាំងអស់គ្នាបណ្ដោយទៅ»។

បន្ថែមពីលើនេះ Jimin ក៏និយាយមិនខុសពី J-Hope ដែរ ដោយបញ្ជាក់ទៅ ARMY ថា Jin ញ៉ាំបានច្រើន ហើយប្រាប់ថាចង់ញ៉ាំ Mulhoe ទៀត ដូច្នេះ Jimin ក៏ទិញផ្ញើ។ ពេលឃើញបងញ៉ាំបានឆ្ងាញ់ Jimin ពិតជាសប្បាយចិត្តណាស់ ហើយសរសើរមិនដាច់ពីមាត់ថា Jin ពិតជានៅតែសង្ហា ហើយរូបរាងបច្ចុប្បន្នស័ក្តិសមជាបងធំពិតៗ។ ក្រៅពីនេះ Jin ក៏បានផ្ដាំផ្ញើតាមរយៈប្អូនៗថា លោកក៏នឹក ARMY ណាស់ដែរ។ ទាំងនេះគឺជាព័ត៌មានពី Jin ចេញពីប្រភពដ៏ជិតស្និទ្ធបំផុត និងផ្លូវការលើសអ្វីៗទាំងអស់៕

 

ដកស្រង់ពី៖ Sabay