បណ្តាញសង្គម

មិនខុសពីខ្មែរទេ! ឡានជជុះ Toyota និង Lexus នៅអាមេរិក ជាប់ជាប្រេន​ដែល​រក្សា​តម្លៃ​ល្អបំផុត​

មិនថាតែនៅកម្ពុជាទេ ដែលរថយន្ត Toyota និង Lexus មួយទឹក នៅតែមានការពេញនិយម និងរក្សាតម្លៃបានយ៉ាងល្អ ពោលគឺនៅអាមេរិក ក៏ដូចគ្នាផងដែរ ដោយថ្មីៗនេះ ប្រេនទាំងពីរ បានជាប់ក្នុងបញ្ជីនាំមុខគេ ដែលរក្សាភាពពេញនិយម និងតម្លៃល្អបំផុតនៅសម្រាប់ប្រភេទរថយន្តជជុះ។

វេបសាយ Kelly Blue Book បានប្រកាសចេញបញ្ជីនៃពានរង្វាន់ Best Resale Value Award 2023 ក្នុងនោះ Toyota និង Lexus បាននាំមុខគេ ក្នុងនាមជាប្រេនដែលរក្សាតម្លៃល្អបំផុត ក្នុងទីផ្សារអាមេរិក។ ក្នុងនោះ Toyota ស្ថិតក្នុងប្រភេទរថយន្តពេញនិយមបំផុត ខណៈ Lexus ជាប្រេនរថយន្តប្រណីតដែលលក់ដាច់បំផុត។

បើតាមប្រភពដដែលនេះបញ្ជាក់ទៀតថា ក្នុងចំណោមរថយន្ត១០ម៉ូឌែលដែលស្ថិតនៅលើកំពូលតារាង ក្នុងនោះ Tundra និង Tacoma របស់ Toyota គឺជាម៉ូឌែលរថយន្តមួយទឹកដែលនៅតែមានតម្លៃល្អបំផុត ខណៈរថយន្ត Tesla នៅលេខរៀងទី៣។ ជាមួយគ្នានេះដែរ Honda ក៏អាចរក្សាតម្លៃរថយន្តខ្លួនបានល្អផងដែរ ក្នុងទីផ្សាររថយន្តមួយទឹកនៅអាមេរិក។ ក្នុងនោះរថយន្ត Honda Civic បានឈ្នះប្រភេទរថយន្តស៊ីដេន ខណៈ Honda Accord ជារថយន្តស៊ីដេនធុនមធ្យមលក់ដាច់បំផុតនៅអាមេរិក៕

ដកស្រង់ពី៖Sabay