បណ្តាញសង្គម

ដឹងអត់! ស្ពាន​២នៅកម្ពុជា ត្រូវបានបំពាក់​សាកល្បង​ឧបករណ៍​វាស់លំញ័រស្ពាន

ស្ពានចំនួនពីរនៅកម្ពុជា គឺស្ពានព្រែកតាមាក់ និងស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ត្រូវបានបំពាក់សាកល្បងឧបករណ៍វាស់លំញ័រស្ពានរបស់ក្រុមហ៊ុន ArrowDot ដើម្បីដឹងពីអាយុកាលរបស់ស្ពាន និងពេលវេលានៃការថែទាំ។

លោក ផូ ស័ក្កសូរភក្ត្រា មកពីក្រុមហ៊ុន ArrowDot បានប្រាប់ Sabay ក្នុងពិព័រណ៍វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា-អន្តរជាតិ នៅកោះពេជ្រ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ថា ឧបករណ៍វាស់លំញ័រស្ពាន (Bridge Vibrate Detection Device) នេះ គឺប្រើប្រាស់សេនស័រសម្រាប់ចាប់ជាប់បេតុងស្ពានក្នុងការកត់ត្រានូវលំញ័ររបស់ស្ពាន ដើម្បីយកទិន្នន័យនេះ ទៅសិក្សាវិភាគមើលពីអាយុកាលរបស់ស្ពាន និងពេលវេលាដែលត្រូវថែទាំ។

លោកបន្តថា ឧបករណ៍វាស់លំញ័រស្ពាននេះ ទើបតែត្រូវបានចាប់ផ្តើមសិក្សា ហើយត្រូវបានដំឡើងនៅស្ពានចំនួនពីរ គឺស្ពានព្រែកតាមាក់ និងស្ពានត្សឹបាសា ដែលជាការដាក់សាកល្បង ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ក្រោមកិច្ចសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។ ជាមួយគ្នានេះ ប្រសិនបើការធ្វើតេស្តលើស្ពានទាំងពីរនេះជោគជ័យ គឺក្រុមហ៊ុននឹងពង្រាយការដំឡើងឧបករណ៍វាស់លំញ័រនេះ នៅបណ្តាស្ពានទាំងអស់ទូទាំងប្រទេស។ នេះជាការអះអាងបញ្ជាក់របស់លោក ផូ ស័ក្កសូរភក្ត្រា។

សូមជម្រាបថា ក្នុងការតាំងពិព័រណ៍នេះដែរ ក្រុមហ៊ុន ArrowDot ក៏បានដាក់បង្ហាញឧបករណ៍ជូនដំណឹងគ្រោះទឹកជំនន់ (Flood Warning System) សម្រាប់វាស់នីវូទឹកទន្លេ និងតាមទឹកស្ទឹង នៅតំបន់ដែលមានមនុស្សរស់នៅច្រើន ដើម្បីផ្តល់សញ្ញាអាសន្នពេលមានទឹកជំនន់ខ្លាំង និងឧបករណ៍វាស់ជម្រៅទឹកក្រោមដី ដែលដាក់សេនស័រក្នុងអណ្តូងទឹក ដើម្បីអាចដឹងថា នៅតំបន់នីមួយៗ មានទឹកក្រោមដីកម្រិតណា។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏ដាក់បង្ហាញរ៉ូបូតសម្រាប់ត្រួតពិនិត្យគុណភាពខ្សែកាបរបស់ស្ពានផងដែរ៕

ដកស្រង់ពី៖Sabay