បណ្តាញសង្គម

“គ្រប់ដំណក់ មានតម្លៃ! សូមរួមគ្នាសង្គ្រោះជីវិត​ដោយការបរិច្ចាគឈាម!” នេះជាការអំពាវនាវពីក្រុមហ៊ុន អ៊ីហ្ស៊ីខម ចំពោះប្រជាជនកម្ពុជា

“យុទ្ធនាការបរិច្ចាគឈាមសង្រ្គោះជីវិត និងលើកកម្ពស់សុខមាលភាពរបស់បុគ្គលិក និងអ្នកចូលរួមរបស់ក្រុមហ៊ុន អ៊ីហ្ស៊ីខម” ក្នុងឱកាសអបអរខួប១៥ឆ្នាំ របស់ក្រុមហ៊ុន អ៊ីហ្ស៊ីខម គឺជាពេលវេលាសម្រាប់ការងារសប្បុរសធម៌ និងការបង្កើតប្រយោជន៍សម្រាប់សហគមន៍ តាមរយៈយុទ្ធនាការបរិច្ចាគឈាមដ៏ធំមួយ ដែលបានធ្វើឡើងកាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៣ នៅឯទីស្នាក់ការកណ្តាលក្រុមហ៊ុន អ៊ីហ្ស៊ីខម។

បុគ្គលិកក្រុមហ៊ុន អ៊ីហ្ស៊ីខម និងអតិថិជន ប្រមាណ១០០ នាក់ បានចុះឈ្មោះស្ម័គ្រចិត្តបរិច្ចាគឈាម ដែលជាការបង្ហាញពីក្តីស្រឡាញ់របស់ពួកគេចំពោះសហគមន៍។ បច្ចុប្បន្នមនុស្សជាច្រើនគិតថាឈាមរបស់គាត់មានតម្លៃណាស់ គាត់សន្សំវាទុក និងបរិច្ចាគឈាមតែក្នុងករណីសមាជិកគ្រួសារត្រូវការតែប៉ុណ្ណោះ។ ប៉ុន្តែស្ថាប័នធំៗ តួយ៉ាងដូចជាក្រុមហ៊ុន អ៊ីហ្ស៊ីខម កំពុងព្យាយាមអប់រំបុគ្គលិក និងសាធារណជនអំពីសារៈសំខាន់នៃការបរិច្ចាគឈាម អត្ថប្រយោជន៍សុខភាពចំពោះអ្នកដែលបានចូលរួមបរិច្ចាគឈាម និងរបៀបដែលយើងគ្រប់គ្នាអាចបង្កើតផលជាវិជ្ជមានសម្រាប់សហគមន៍ទាំងមូល ដោយធ្វើជាគំរូល្អ ក្នុងការចែករំលែក និងយកចិត្តទុកដាក់ចំពោះអ្នកដទៃជុំវិញខ្លួន។

រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងព្យាយាមដោះស្រាយបញ្ហាកង្វះឈាមនៅក្នុងប្រទេសកម្ពុជា តាម រយៈការរៀបចំយុទ្ធនាការជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនអំពីសារៈសំខាន់នៃការបរិច្ចាគឈាម។ ដើម្បីចូលរួមយុទ្ធនាការ និងដោះស្រាយបញ្ហាកង្វះឈាមរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុន អ៊ីហ្ស៊ីខម បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាម នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅលើមហាវិថីព្រះសីហនុ។ ហើយគេរំពឹងថា កិច្ចសហការរវាងស្ថាប័នទាំងពីរនឹងកាន់តែលើកកម្ពស់ការចូលួមក្នុងការបរិច្ចាគឈាមរបស់បុគ្គលិក និងសាធារណៈជន អោយកាន់តែច្រើនឡើង ដើម្បីជួយដល់សង្គម និងដើម្បីបង្កើតនូវទម្លាប់ដែលមានសុខភាពល្អដល់អ្នកបរិច្ចាគឈាម ពីព្រោះការបរិច្ចាគឈាមទៀងទាត់ អាចជួយអោយកាត់បន្តយនូវជំងឺជាច្រើនដូចជា សុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល កាត់បន្ថយជំងឺមហារីកផ្សេងៗ និងអត្ថប្រយោជន៍សុខភាពជាច្រើនទៀត។

លោក Ashita De Costa នាយកផ្នែកព័ត៌មានវិទ្យា នៃក្រុមហ៊ុន អ៊ីហ្ស៊ីខម បានមានប្រសាសន៍ក្នុងសុន្ទរកថាស្វាគមន៍នៃការបើកយុទ្ធនាការបរិច្ចាគឈាមនេះថា “រៀងរាល់ ២ វិនាទី មានមនុស្សម្នាក់ក្នុងពិភពលោក ត្រូវការឈាមដើម្បីសង្គ្រោះជីវិត! ព្រោះយើងមិនអាចផលិតឈាមនៅក្រៅរាងកាយបាន ហើយការរក្សាឈាមទុកមានអាយុកាលកំណត់ ដូចនេះយើងតែងត្រូវការឈាមបន្ថែមតាមរយៈការបរិច្ចាគឈាមពីសាធារណៈជន។ ក្នុងនាមគណៈគ្រប់គ្រងក្រុមហ៊ុន អ៊ីហ្ស៊ីខម និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបុគ្គលិកទាំងអស់ ក៏ដូចជាភ្ញៀវរបស់យើងខ្ញុំ ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមក្នុងយុទ្ធនាការដ៏មានសារសំខាន់នេះ។

អ្នកគឺជាបុគ្គលគំរូសម្រាប់មនុស្សគ្រប់គ្នា មិនត្រឹមតែសម្រាប់សមាជិកគ្រួសារ និងមិត្តរួមការងាររបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សហគមន៍ទាំងមូលផងដែរ។ សកម្មភាពយុទ្ធនាការនេះ ត្រូវបានបង្កើតឡើងដើម្បីសុខុមាលភាពរបស់អ្នក។ សូមចូលរួមថែរក្សាសុខភាព និងសង្គ្រោះជីវិតទាំងអស់គ្នា!” យោងតាមមជ្ឈមណ្ឌលជាតិផ្តល់ឈាម ប្រជាជនកម្ពុជាត្រូវការឈាមជាចម្បង ដើម្បីសង្គ្រោះជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍ ម្ដាយដែលធ្លាក់ឈាមពេលសម្រាលបុត្រ និងអ្នកជំងឺមហារីក។ នៅក្នុងឆ្នាំ២០២២ អត្រាមរណភាពនៅកម្ពុជា គឺ ៦,៨ នាក់ ក្នុងចំណោមមនុស្ស ១.០០០ នាក់។

គ្រោះថ្នាក់ចរាចរណ៍តែមួយមុខ បានឆក់យកជីវិតមនុស្សជាង ១.៧០០ នាក់ ក្នុងឆ្នាំ ២០២២។ ជនរងគ្រោះជាច្រើននាក់ អាចនឹងមិនបាត់បង់ជីវិតទេ ប្រសិនបើយើងមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់។ ដូចនេះការបរិច្ចាកឈាមរបស់ជនរួមជាតិមិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឱ្យយើងដឹងពីស្ថានភាពសុខភាពរបស់យើង និងកាត់បន្ថយនូវហានិភ័យពីជំងឺមហារីកផ្សេងៗផងដែរ។ លោក វេជ្ជ. សុខ ប៉ូ ប្រធានមជ្ឍបណ្ឌលជាតិផ្តល់ឈាម មានប្រសាសន៍នៅក្នុងកម្មវិធីបើកយុទ្ធនាការរបស់ក្រុមហ៊ុន អ៊ីហ្ស៊ីខម ថា “ការបរិច្ចាកឈាមគឺមានសារៈសំខាន់ណាស់ ព្រោះវាធ្វើឱ្យយើងដឹងពីស្ថានភាពជំងឺឆ្លងផ្សេងៗដូចជា៖ ជំងឺប្រភេទថ្លើម បេ សេ ស្វាយ អេដស៍ ។ល។

ជួយកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីកនានា ជួយកាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែកដែលធ្វើឱ្យប៉ះពាល់ដល់ថ្លើមនិងលំពែង និងជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។” លោក សុខ ប៉ូ បានបន្ថែមដូចនេះថា “សូមចងចាំថា កិច្ចបរិច្ចាកឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់គឺ ពីមនុស្សមិនមានរោងចក្រឱសថណាផលិតបានទេ។ សូមកុំរង់ចាំដល់ពេលវេលាមួយនៅពេលដែលយើងចង់ធ្វើអំណោយឈាមបែរជាហួសពេល។” ទិវាអ្នកបរិច្ចាគឈាមពិភពលោក ជាទិវាអន្តរជាតិមួយ ដែលប្រារព្ធឡើងនៅថ្ងៃទី ១៤ ខែមិថុនា ជារៀងរាល់ឆ្នាំ។

ក្រុមការងារក្រុមហ៊ុន អ៊ីហ្ស៊ីខម បានប្តេជ្ញាចូលរួមបរិច្ចាគឈាម ក៏ដូចជាគៀងគរអ្នកស្ម័គ្រចិត្តពីក្រុមហ៊ុន និងសហគមន៍ក្នុងមូលដ្ឋានជាប្រចាំ ដោយមិនរង់ចាំថាទាល់តែមានឱកាសពិសេសនោះទេ។ គេក៏នឹងចែករំលែកចំណេះដឹងអំពីសុខភាពដល់ក្រុមគ្រួសាររបស់ពួកគេផងដែរ ដោយផ្តោតលើការអនុវត្តល្អៗដើម្បីការពារសុខភាពជាប្រចាំថ្ងៃ។

សកម្មភាពបរិច្ចាគឈាមនេះ គឺឆ្លុះបញ្ចាំងពីការបេ្តជ្ញាចិត្តស្របនឹងពាក្យស្លោករបស់ក្រុមហ៊ុន អ៊ីហ្សីខម “ប្រសើរឡើងព្រមគ្នា” សំដៅបង្កើតភាពជោគជ័យ និងវឌ្ឍនភាពរួមគ្នា ប្រកបដោយគុណតម្លៃមនុស្សធម៌ សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូលរបស់កម្ពុជាទាំងមូល៕ អំពីក្រុមហ៊ុនអ៊ីហ្ស៊ីខម ក្រុមហ៊ុនអ៊ីហ្ស៊ីខមអបអរខួប ១៥ ឆ្នាំ នៃការជំរុញនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍ (ICT) និងសេវាកម្មល្អផ្តាច់គេនៅកម្ពុជា។ ក្រុមហ៊ុនអ៊ីហ្ស៊ីខមបានចាប់ផ្តើមពីការផ្តល់សេវា VoIP និងបានផ្លាស់ប្តូរខ្លួនយ៉ាងឆាប់រហ័សទៅជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតលំដាប់ខ្ពស់។

ហើយឥឡូវនេះក្លាយជា ក្រុមហ៊ុនផ្គត់ផ្គង់វេទិកាឌីជីថលឈានមុខគេនិងដើរតួនាទីយ៉ាងសំខាន់ជាកាតាលីករក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ជាផ្នែកមួយនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនអ៊ីហ្ស៊ីខមត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយរហូតមកទល់សព្វថ្ងៃនេះ ក្រុមហ៊ុនបានវិនិយោគទុនសរុបជាង ១០០ លានដុល្លារ ក្នុងផ្នែកពាក់ព័ន្ធជាច្រើន។ ការវិនិយោគទាំងនេះរួមមានដូចជា បណ្តាញខ្សែកាបអុបទិកសរុបប្រមាណ ៣ម៉ឺនគីឡូម៉ែត្រ ដែលជាឆ្អឹងខ្នង នៃការតភ្ជាប់អ៊ីនធឺណិតនៅគ្រប់ដំណាក់កាល។

ក្រុមហ៊ុនអ៊ីហ្ស៊ីខម នៅតែរក្សាកំណត់ត្រាជាម្ចាស់ភាគហ៊ុនខ្មែរ សុទ្ធសាធ ១០០% ក្នុងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ និងជាក្រុមហ៊ុនដែលបាន ធ្វើការវិនិយោគរយៈពេលវែងលើបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ Asian American Gateway ដែលតភ្ជាប់ស្ថានីយ៍ចុះចតខ្សែកាបចំនួន ១៣ នៅជាង ១០ ប្រទេសផ្សេងគ្នា។ តាមរយៈភាពជាដៃគូជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិល្បីៗ ដូចជា ក្រុមហ៊ុន Microsoft, សេវាកម្ម Amazon Web Services, សេវាកម្ម Oracle Cloud, សេវាកម្ម VeloCloud, សេវាកម្ម LogRhythm, ក្រុមហ៊ុន Huawei, សេវាកម្ម Ameyo, សេវាកម្ម MiHCM ជាដើម ក្រុមហ៊ុនអ៊ីហ្ស៊ីខម បានបន្តនាំយកបច្ចេកវិទ្យានិងដំណោះស្រាយថ្មីៗ មកផ្គត់ផ្គង់ជូនអតិថិជននៅកម្ពុជា ស្របតាមតម្រូវការអាជីវកម្មរបស់ពួកគាត់។ តាមរយៈនវានុវឌ្ឍន៍ទាំងអស់នេះ យើងបានជួយលើកស្ទួយមុខមាត់ប្រទេសកម្ពុជាថាជាប្រទេសដែលមានភាពរីកចម្រើនមួយ ដែលជាការទាក់ទាញ ឱ្យមានការវិនិយោគធុរកិច្ចពីវិនិយោគិនក្នុងតំបន់និងជុំវិញពិភពលោក។ អាស័យដ្ឋាន៖ ផ្ទះលេខ ៣១ មហាវិថីព្រះសីហនុ (ផ្លូវ ២៧៤) រាជធានីភ្នំពេញ លេខទំនាក់ទំនង៖ ០២៣ ២៣ ៨១ ៨១ វែបសាយ៖ www.ezecom.com.kh

ដកស្រង់ពី៖Sabay