បណ្តាញសង្គម

បើដូច កៅ សីហា គិតចំពោះសង្គ្រាមពាក្យសម្ដី “អ្នកមាន និងអ្នកក្រ”​ អាចក្លាយទៅជារឿងធំគួរឲ្យបារម្ភ

ជិត ១សប្ដាហ៍ទៅហើយការជជែកវែកញែកគ្នាជុំវិញផ្នត់គំនិត “អ្នកមាន និងអ្នកក្រ” មិនទាន់ថមថយ បន្ទាប់ពីលោកស្រី តាំង ហ្គិចលាង ជាអគ្គនាយិកាក្រុមហ៊ុន H &L ចែករំលែកផ្នត់គំនិតអ្នកមាន និងអ្នក្រក្នុងវគ្គបណ្ដុះបណ្ដាលពីភាពជោគជ័យមួយ

ដោយលោកស្រីលើកឡើងថា អ្នកមានសម្លឹងទៅមុខ មើលពីភាពជោគជ័យ រីឯអ្នកក្រ សម្លឹងថយក្រោយ ដ្រាមាច្រើន។ ដោយឡែកអ្នកដឹកនាំរឿងល្បីឈ្មោះម្នាក់ គឺលោក កៅ សីហា បានបញ្ចេញទស្សនៈផ្ទាល់ខ្លួននៅថ្ងៃនេះ ថា ឃ្លីបវីដេអូ ដែលចេញជាបន្តបន្ទាប់ពីរឿង មាន ក្រ នេះ អាចជាចេតនារបស់ជនមួយក្តាប់តូច យកមកកាត់ ត ដើម្បីបញ្ឆេះ គំនុំ រវាងអ្នកមាន និងអ្នកក្រ បង្កជាកំហឹងក្នុងសង្គម ក្នុងពេលដែលយើងកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថេរភាពសង្គមល្អប្រសើរ ពិសេសប្រទេសជាតិ កំពុងតែមានព្រឹត្តិការណ៏សំខាន់ៗ ដើម្បីបង្ហាញពិភពលោកប្រកបដោយភាពជឿជាក់ និងមោទកភាព ពិសេសការបោះឆ្នោតសកលនៅខែកក្កដា ខាងមុខនេះ ។

លោក កៅ សីហា៖ “សូមបងប្អូន ពិចារណាមុននិងស៊ែរចែករំលែក ដើម្បីសង្គមយើងបន្តរស់នៅក្នុងភាពសុខុដុមរមនា សម្បូរសប្បាយ ជៀសឆ្ងាយពីភ័យន្តរាយ។ ជិតដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិយើងហើយ ខ្ញុំសូមលើកដៃបួងសួង សុំ ទេវតា វត្ថុសក្តិសិទ្ធ តាមថែរក្សាបង ប្អូន មិត្តភក្តិ ពិសេសប្រទេសជាតិយើង ជួបតែសេចក្តីសុខចំរុងចម្រើនរៀងរហូតទៅ”។

ក្រោយពីបញ្ចេញទស្សនៈផ្ទាល់ខ្លួនតាមបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់អ្នកដឹកនាំសម្ដែងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ មានមិត្ដសិល្បៈ និងមហាជនខ្លះបង្ហាញការគាំទ្រនូវអ្វីដែលលោកបានលើកឡើងនេះ។ ប៉ុន្ដែមានប្រិយមិត្ដខ្លះនៅតែបន្ដខឹងនឹងពាក្យសម្ដីរបស់លោកស្រី តាំង ហ្គិចលាង ហើយខឹងដល់ទាំងលោក កៅ សីហា ដែលបញ្ចេញទស្សនៈជុំវិញរឿងនេះទៀតផង៕

ដកស្រង់ពី៖ Sabay