បណ្តាញសង្គម

អត់​មាន​គេ​អញ្ជើញ តែ យូរី ចូល​ខ្លួន​នាំ​សិស្ស​សប្បាយ​ដល់​ក​ក្នុង​ "សង្ក្រាន្តវិទ្យាល័យទួលអំពិល" ម្សិលមិញ

វិទ្យាល័យទួលអំពិលដែលមានទីតាំងនៅខាងត្បូងរាជធានីភ្នំពេញ តំបន់ចំការដូង បានធ្វើកម្មវិធីអបអរបុណ្យចូលឆ្នាំថ្មីហៅថា "សង្ក្រាន្តវិទ្យាល័យទួលអំពិល" ដោយមានបូកបញ្ចូលកម្មវិធីពិសេសៗជាច្រើន។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺតារាចម្រៀង ហង្ស មាស យូរី ក៏បានលេចវត្តមានដែរឡើងច្រៀងដែរ បើទោះនាងមិនមានឈ្មោះអញ្ជើញក្នុងកម្មវិធីក៏ដោយ។ កញ្ញា យូរី បានលេចវត្តមានអំឡុងរសៀល ខណៈសង្ក្រាន្តរបស់វិទ្យាល័យទួលអំពិលបានចាប់ផ្ដើមតាំងពីព្រឹកជាមួយកម្មវិធីជាច្រើន មានតាំងពីការសម្ដែងក្បាច់គុនល្បុក្កតោ របាំជូនពរ របាំត្រុដិ ការលេងល្បែងប្រជាប្រិយ និងកម្មវិធីតន្ត្រី។ នៅក្នុងកម្មវិធីនេះ ដើមឡើយ មានតារាចម្រៀង តារារ៉េបមួយចំនួន ប៉ុន្តែមិនមានឈ្មោះតារាចម្រៀង យូរី នោះទេ។

ប៉ុន្តែរឿងភ្ញាក់ផ្អើលខណៈកម្មវិធីកំពុងដំណើរការ ក្នុងនោះក៏ព្រោះតែមានដំណឹងថា កញ្ញា យូរី ក៏នឹងមកចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់វិទ្យាល័យទទួលអំពិលដែរ។ គ្រូបង្រៀនម្នាក់ បានលើកឡើងថា ពេលកម្មវិធីកំពុងតែដំណើរការធម្មតា ស្រាប់តែមានសមាជិកនៃក្រុម "យុវជនសង្ក្រាន្ត និងបរិស្ថាន" បានមកប្រាប់ក្រុមការងាររៀបចំព្រឹត្តិការណ៍ថា កញ្ញា យូរី តារាហង្សមាស ក៏មកចូលរួមច្រៀងកំដរភាពសប្បាយរីករាយក្នុងសង្ក្រាន្តវិទ្យាល័យទួលអំពិលនេះដែរ។ ដូច្នេះហើយ សមាជិកក្រុមយុវជនសង្ក្រាន្ត និងបរិស្ថានរូបនោះ ស្នើក្រុមការងារ ជួយរៀបចំកន្លែងសម្រាប់តារាស្រីផ្លាស់សំលៀកបំពាក់ផង។

ដូចប្រាប់ពីខាងលើ គ្រូបង្រៀនដដែល បញ្ជាក់ថា កញ្ញា យូរី មិនមានឈ្មោះក្នុងក្រុមសិល្បករត្រូវសម្ដែងនោះទេ ប៉ុន្តែនាងមកចូលរួមដោយការស្ម័គ្រចិត្ត ដែលនេះជាកាយវិការដ៏ប្រពៃរបស់តារាចម្រៀងយុវវ័យរូបនេះ។ កញ្ញា យូរី បានចូលរួមច្រៀង រាំ បទចម្រៀងជិត ១០ បទឯណោះ។ "យូរី ច្រៀងជិត ១០បទឯណោះ គេច្រៀងបទចាក់ទឹកដូងអីនោះ និយាយពីថា កូនសិស្សគេសប្បាយដល់កហើយ ដល់អីចឹងទៅយើងជាគ្រូ ក៏សប្បាយចិត្តដែរ"។

គេមិនទាន់ដឹងថា អ្វីជាការជំរុញចិត្ត តារាចម្រៀងស្រីរូបនេះ ស្ម័គ្រចិត្តចូលខ្លួនមកញុំាងកម្មវិធីឲ្យកាន់តែក្លៀវក្លាបែបនេះនោះទេ។ ប៉ុន្តែគេកាត់ស្មានថា ទំនងយោងលើហេតុផលថា នាងក៏ជាមនុស្សរស់ក្នុងតំបន់នេះដែរ ខណៈនាងបានបើកហាងសាឡនមួយនៅក្នុងបុរីពិភពថ្មី១ កាលពីឆ្នាំមុនដោយដាក់ឈ្មោះថា "APlus Beauty” មានទីតាំងលើផ្លូវ ៦អា ក្នុងបុរី៕

ដកស្រង់ពី៖ Sabay