បណ្តាញសង្គម

យូរី ឆ្លើយ​តប​វិញ​យ៉ាង​មាន​ន័យ រឿង​គេ​អត់​អញ្ជើញ តែ​នាង​ស្ម័គ្រ​ចិត្ត​ចូល​ច្រៀង "សង្ក្រាន្តវិទ្យាល័យទួលអំពិល"

តារាចម្រៀង យូរី បានឆ្លើយតបហើយ ក្រោយពីបានចូលរួមច្រៀងនាំសិស្សវិទ្យាល័យទួលអំពិលសប្បាយអស់ដៃក្នុងកម្មវិធី "សង្ក្រាន្ត" របស់វិទ្យាល័យនេះកាលពីដើមសប្ដាហ៍នេះ។

ដើមឡើយ តារាចម្រៀងផលិតកម្មរស្មីហង្សមាសរូបនេះ មិនមានឈ្មោះក្នុងកម្មវិធីអបអរបុណ្យចូលឆ្នាំរបស់វិទ្យាល័យទួលអំពិលនោះឡើយ។ ប៉ុន្តែរឿងភ្ញាក់ផ្អើល បានកើតឡើងកណ្ដាលទី ក្រោយពីមានក្រុមការងារម្នាក់នៃក្រុម "យុវជនសង្ក្រាន្ត និងបរិស្ថាន" បានមកប្រាប់ឲ្យក្រុមការងាររៀបចំព្រឹត្តិការណ៍ទាំងមូល ឲ្យរៀបចំបន្ទប់ផ្លាស់សំលៀកបំពាក់ឲ្យ យូរី ព្រោះនាងនឹងឡើងច្រៀងដែរ។ បន្តិចក្រោយមក តារាស្រីក៏ឡើងលើឆាក ច្រៀងរាំ ធ្វើឲ្យផ្ទុះសំឡេងហ៊ោកញ្ជ្រៀវកងរំពងពេញបរិវេណវិទ្យាល័យ។

តាមគ្រូបង្រៀនម្នាក់នៃវិទ្យាល័យ បានឲ្យដឹងថា ទិដ្ឋភាពនោះ នាំឲ្យមានការភ្ញាក់ផ្អើល និងស្ទើមិនជឿ ប៉ុន្តែ យូរី ធ្វើបាន និងបានធ្វើឲ្យសិស្សានុសិស្ស សប្បាយចិត្តយ៉ាងខ្លាំង។ ចំពោះបញ្ហានេះ សាមីខ្លួនតារាចម្រៀង បានប្រាប់ Sabay នៅព្រឹកនេះថា តាមពិត គឺកញ្ញា ស្ម័គ្រចិត្តចូលច្រៀងដោយខ្លួនឯងពិតមែនក្នុង "សង្ក្រាន្តវិទ្យាល័យទួលអំពិល"។ ចំពោះមូលហេតុ គឺនាងចង់ផ្ដល់ភាពសប្បាយរីករាយ ញុំាងកម្មវិធីឲ្យកាន់តែក្លៀវក្លា។ ជាពិសេសទៀតនោះ គឺនាងចង់បង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្ររបស់នាង។

“យូរី ចង់ Suprise ដល់ FAN យូរី ក្នុងនោះសូម្បីតែអ្នករាំ ក៏យូរី ហៅពួកគាត់មកភ្លាមៗដែរ"។ កញ្ញា យូរី បានចូលរួមច្រៀង រាំ បទចម្រៀងជិត ១០ បទឯណោះក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំអប់អរបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្មែរយើង ដោយបានធ្វើឲ្យសំឡេងស្រែកហ៊ោកងរំពង និងមានភាពសប្បាយរីករាយយ៉ាងខ្លាំង។ អ្នកគ្រូម្នាក់ដែលបានបង្ហើបពីរឿងនេះ ប្រាប់ថា សូម្បីអ្នកគ្រូខ្លួនឯងក៏សប្បាយខ្លាំងដែរ ពេលឃើញកូនសិស្សរបស់ខ្លួនទទួលបានភាពសប្បាយរីករាយជាមួយតារាចម្រៀងស្រី។

អ្នកគ្រូថ្លែងថា "យូរី ច្រៀងជិត ១០បទឯណោះ គេច្រៀងបទចាក់ទឹកដូងអីនោះ និយាយពីថា កូនសិស្សគេសប្បាយដល់កហើយ ដល់អីចឹងទៅយើងជាគ្រូ ក៏សប្បាយចិត្តដែរ"។ បន្ទាប់ពីបង្កភាពរីករាយនៅវិទ្យាល័យទួលអំពិលហើយ យូរី គ្រោងនឹងទៅចូលអបអរឆ្នាំថ្មីជាមួយប្អូនៗ សិស្សានុសិស្សបន្តទៀតនៅសាលានេតយ៉ង់ខេត្តបាត់ដំបង៕

 

ដកស្រង់ពី៖ Sabay