បណ្តាញសង្គម

ល្អ​ណាស់ ភ្ញៀវទេសចរនៅតែអាចបន្តប្រើ WiFi សាធារណ:ឥតគិតថ្លៃ ទោះ​ចប់​ព្រឹត្តការណ៍អង្គរសង្ក្រាន្ត!

ខេត្តសៀមរាប បានដាក់ឲ្យដំណើរការប្រព័ន្ធអ៊ីនធឺណិតសម្រាប់ភ្ញៀវទេសចរអាចភ្ជាប់ប្រើប្រាស់ដោយឥតគិតថ្លៃក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរកន្លងមក។ តែយ៉ាងនេះតាមការជូនដំណឹងជាថ្មី ភ្ញៀវទេសចរនៅតែអាចភ្ជាប់ប្រើប្រាស់បានទោះបុណ្យប្រពៃណីដ៏ធំនេះបានចប់ទៅហើយក្ដី។

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានជូនដំណឹងនេះ ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់អ៊ីនធឺណិតរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅខេត្តសៀមរាប។

ពិសេសគឺការសាទរពីសាធារណជនចំពោះ WiFi សាធារណ:ដែលបានដាក់ឲ្យប្រើប្រាស់កន្លងមក។ ដូច្នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្រេចបន្តផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃ ក្រោយព្រឹត្តការណ៍អង្គរសង្ក្រាន្តបានបញ្ចប់ដោយជោគជ័យ។ ដើម្បីភ្ជាប់ប្រើប្រាស់បាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ត្រូវស្វែងរកទីតាំង WiFi សាធារណៈ ទាំង ១៦ តាមតំណភ្ជាប់ ឬស្កេន QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងបង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi ជាការស្រេច៕

ដកស្រង់ពី៖Sabay