បណ្តាញសង្គម

សំបុត្រ Eunwoo, Sanha, Mingyu និងប្អូនបង្កើត ជូន Moonbin ធ្វើឲ្យម្នាក់ៗទប់ទឹកភ្នែកមិនជាប់ទេ

មានសេចក្ដីរាយការណ៍មកថា Moon Sua ប្អូនស្រីបង្កើតរបស់ Moon Bin បានមកកាន់ទីតាំងគោរពវិញ្ញាណក្ខន្ធបងប្រុសនាងដោយស្ងាត់ៗ និងថែមទាំងបានទុកសំបុត្រមួយច្បាប់ឲ្យទៀត រហូតពេលអ្នកគាំទ្រដឹងហើយ អានទាំងទឹកភ្នែក។

កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ រូបភាពនៃទីតាំងគោរពវិញ្ញាណក្ខន្ធរបស់ **Moon Bin** ដែលរៀបចំដោយក្រុមហ៊ុន **Fantagio** ត្រូវបានបង្ហាញលើបណ្ដាញអ៊ីនធើណិត។ អ្នកលេងបណ្ដាញសង្គមម្នាក់ដែលបានទៅដល់កន្លែងគោរពវិញ្ញាណក្ខន្ធនោះ បានថតរូបសំបុត្រដែលសរសេរដោយដៃផ្ទាល់របស់មនុស្សជាច្រើន ប៉ុន្តែក្នុងនោះក៏មានសំបុត្ររបស់ប្អូនស្រីនៃសពគឺ Moon Sua ផងដែរ។

សំបុត្ររបស់ Sua ត្រូវបានចារដោយខ្លឹមសារដូចតទៅ៖ «បងប្រុស! គឺខ្ញុំណា៎ ប្អូនស្រីសំណព្វតែមួយគត់របស់បង Sua! ខ្ញុំក៏បានមកកន្លែងនេះដែរ ខ្ញុំយំខ្លាំងឡើងឆ្អែតឆ្អន់ហើយ ដូច្នេះខ្ញុំនឹងឈប់យំពីពេលនេះ! ខ្ញុំនឹងញញឹមឲ្យបានច្រើនឥឡូវ! ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំចង់ និងសប្បាយចិត្តឲ្យបានច្រើន! ដូច្នេះប្អូនសង្ឃឹមថា បងនឹងបានស្ងប់សុខនៅទីនោះ! សូមមើលថែប្អូនបងផង ថាខ្ញុំបានសុខឬអត់។ ខ្ញុំនឹងរស់ឲ្យមានន័យ និងឧស្សាហ៍ព្យាយាម ដើម្បីបងដូចគ្នា។ កុំហាមខ្ញុំអី។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនឹងមករកបង ដើម្បីជួយដោះស្រាយ ដូច្នេះបងត្រូវតែលួងខ្ញុំ។ បងខំប្រឹងយ៉ាងលំបាក រហូតមកដល់ពេលនេះ។ ប្អូនស្រឡាញ់បងខ្លាំងណាស់ ហើយប្អូននឹងនៅតែជាប្អូនស្រីរបស់បងជារៀងរហូត! បងប្អូន Moon ជារៀងរហូត»។ ក្រៅពី Moon Sua ដែលជាប្អូនបង្កើត ក៏ឃើញថា សមាជិករួមក្រុម ASTRO មាន Cha Eun Woo និង Sanha ក៏ដូចជាមិត្តល្អ Mingyu (SEVENTEEN) ក៏បានមកដល់ទីកន្លែងនេះ ដោយមានសំបុត្រមកជាមួយរៀងខ្លួនដែរ។

សំបុត្ររបស់ Sanha៖ «បងប្រុស! បងសុខសប្បាយទេ? ខ្ញុំនឹកបងខ្លាំងណាស់...ខ្ញុំនៅតែឃើញមុខបងនៅនឹងភ្នែកគ្រប់ពេល។ ខ្ញុំដឹងថា បើខ្ញុំធ្វើចរិតបែបហ្នឹង បងនឹងស្ដីឲ្យខ្ញុំមិនខាន ប៉ុន្តែសូមបណ្ដោយឲ្យទៅតាមហ្នឹងទៅ! ដូចបងនិយាយអ៊ីចឹង ខ្ញុំនឹងធ្វើខ្លួនឯងឲ្យសប្បាយៗ ខ្ញុំសន្យា! ខ្ញុំស្រឡាញ់បងខ្លាំងណាស់ ស្រឡាញ់មែនទែន»។ សំបុត្ររបស់ Cha Eun Woo៖ «Bin ហា៎! យប់ហើយ ហើយបងពិតជានឹកឯងណាស់ អាប្អូនអាក្រក់! បងគេងអត់លក់ទេ អ៊ីចឹងហើយបងក៏បានមកទីនេះជាមួយនឹង Sanha ពេលដើរចេញមកក្រៅ។ ប្អូនគេងបានលក់ស្រួលអត់? ហេតុអ្វីពេលនេះបងមានអារម្មណ៍នឹកស្រណោះ និងសោកស្ដាយរឿងមួយចំនួនដែលបងធ្វើជាមួយឯង? មិនថាសូម្បីតែរឿងតូចតាច...សូមប្អូននៅទីនោះ មានតែរឿងសប្បាយឲ្យច្រើនៗណា៎។

បងនឹងទទួលខុសត្រូវរឿងគ្រប់យ៉ាងដែលប្អូនបន្សល់ទុកនៅទីនេះ ដូច្នេះកុំបារម្ភខ្លាំងអីណា៎! ប្អូនខំប្រឹងខ្លាំងហើយ និងធ្វើបានល្អណាស់! បងស្រឡាញ់ប្អូន ហើយក៏សុំទោសដែរ សម្លាញ់ចិត្តរបស់បង -Dongmin.Eunwoo»។ សំបុត្ររបស់ Mingyu៖ «Bin ហា៎! សួស្ដី! អរគុណដែលនាំបងមកដល់ក្រុមហ៊ុនរបស់ឯង! អនុស្សាវរីយ៍ដ៏ធំបំផុតសម្រាប់បង គឺពេលយើងនិយាយលេងជាមួយគ្នា រហូតដល់ព្រឹក! តើឯងនៅចាំទេ? ជូនសម្រាប់ប្អូន ដែលគិតច្រើន៊និងខ្វល់ច្រើន អ្វីដែលបងអាចនិយាយបានគឺ...គ្មាន Idol ណាដែលល្អគ្រប់យ៉ាងដូចប្អូនទេ...បងចង់និយាយអ៊ីចឹង! បងនឹងខំប្រឹងបន្ថែមឲ្យកាន់តែខ្លាំងណា៎!!! កុំឈឺណា៎ ហើយញញឹមឲ្យបានច្រើនៗ! បងសុំទោស...ប្អូនខំប្រឹងហើយ ប្អូនធ្វើបានល្អហើយ មិត្តល្អរបស់បង! នៅពេលយើងជួបគ្នាលើកក្រោយ បងនឹងទិញស៊ុបប្រហិត និង ស្រា Soju ឲ្យញ៉ាំណា៎! សូម Cheer គាំទ្រសមាជិកក្រុមរបស់ប្អូនទាំងអស់ពីចម្ងាយផងណា៎! ហើយបទដែលបងស្រឡាញ់គឺ Let’s Be Happy, My Friend»។

Moon Bin បានលាចាកលោកកាលពីថ្ងៃទី ១៩ ខែមេសា នៅពេលដែលលោកត្រូវបានគេប្រទះឃើញថាបានស្លាប់ នៅក្នុងអគារស្នាក់នៅផ្ទាល់ខ្លួន នៅវេលាម៉ោង ៨:១០នាទីយប់។ ពិធីបុណ្យសពរបស់ Moon Bin ក៏ត្រូវបានរៀបចំបែបស្ងប់ស្ងាត់ តាមការស្នើសុំរបស់ក្រុមគ្រួសារ។ សម្រាប់ Fantagio ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់ Moon Bin និង ASTRO ក៏បានរៀបចំទីតាំងគោរពវិញញ្ញាណក្ខន្ធ សម្រាប់អ្នកគាំទ្រទាំងឡាយមានឱកាសក្នុងការសម្ដែងការគោរពចំពោះ Idol រូបនេះ៕

 

 

 

ដកស្រង់ពីៈ Sabay