បណ្តាញសង្គម

រីករាយ ខេត្ត​ព្រះសីហនុ មាន​រោងចក្រផលិតសំបកកង់​ហើយ ហើយ​ជា​គម្រោង​ធំ​ជាង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស

ខេត្តព្រះសីហនុផ្ដើមទទួលបានវត្តមានរោងចក្រផលិតសំបកកង់រថយន្តហើយ ដោយរោងចក្រនេះ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ជាគម្រោងវិនិយោគរបស់វិនិយោគិនចិនក្រោមទុនវិនិយោគជាង ៣០០ដុល្លារអាមេរិក។

រោងចក្រផលិតសំបកកង់រថយន្តនេះ ត្រូវបានបើកសម្ពោធផ្លូវការនៅថ្ងៃនេះ ក្រោមអធិបតីដ៏ខ្ពស់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ក្រុមហ៊ុននេះបានចុះបញ្ជីក្នុងពាណិជ្ជនាមថា ជេនរ៉ល ថាយអ៊ឺរ ថកណឡជី (ខេមបូឌា) ដែលមានលោក គូ ឆ្លើយ ជាម្ចាស់ក្រុមហ៊ុន និងលោក ថាវ គូចុង ជានាយកក្រុមហ៊ុន។

នេះ គឺជាគម្រោងវិនិយោគធំជាងគេបង្អស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាគម្រោងដែលមានទុនវិនិយោគលើសពី១០០លាន ដុល្លារ អាម៉េរិកលើកទី១ របស់វិនិយោគិនចិនមកពីខេត្តជាំងស៊ូ។

តាមការឲ្យដឹងពីឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអោយដឹងថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជា។ ក្នុងរយៈពេល១៥ឆ្នាំ កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរីកចម្រើនជាបន្ត បន្ទាប់ ហើយជាផ្លែផ្កានៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ និងកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋា ភិបាលកម្ពុជា។ ជាមួយគ្នានេះ សមិទ្ធផលទាំងនេះ ក៏ជាការចូលរួមចំណែកអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងចិន "ឆ្នាំមិត្តភាពចិន-កម្ពុជា" ក៏ដូចជាខួបលើកទី១០ឆ្នាំ នៃ "គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ” ផងដែរ។

រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាដែលមានតម្លៃបន្ថែមខ្ពស់ ដែលប្រើប្រាស់វត្ថុធាតុដើមកៅស៊ូ ធម្មជាតិដែលមាននៅក្នុងស្រុកប្រមាណជិត៥ពាន់តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់កម្រិតឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាពិសេសជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូរបស់កម្ពុជា និងដោះស្រាយមុខរបរ និងការងារកម្មករដាំកៅស៊ូជាច្រើននាក់ទៀត។

នៅពេលដំណើរការផលិតកម្ម រោងចក្រនេះអាច ផលិតសំបកកង់ជិត ១,៣លានសំបកកង់ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១ ១៥០នាក់។ តាមរយៈការវិនិយោគរបស់រោងចក្រផលិតសំបកកង់នាពេលនេះ សង្ឃឹមជឿជាក់ថា នឹងមានក្រុមហ៊ុន ផ្សេងៗទៀតនឹងបន្តមកវិនិយោគក្នុងវិស័យនេះបន្តទៀត៕

ដកស្រង់ពី៖Sabay