បណ្តាញសង្គម

លៀក លីដា បញ្ជាក់ថា ទុកសក់វែងមិនមែនបង្ហាញពីអត្ដចរិតពិតរបស់លោកទេ

ចាងហ្វាងផលិតកម្ម អិល ឌី លោក លៀក លីដា ទទួលបានការចាប់អារម្មណ៍ពីសិល្បករ-សិល្បការនី មន្ដ្រីក្រសួងវប្បធម៌ និងផលិតករដូចគ្នា ក្នុងឱកាសដែលលោកចូលរួមក្នុងមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជាលើកទី១២។

អ្វីដែលគេចាប់អារម្មណ៍នោះ គឺកាយវិកាគោរពទន់ភ្លន់ ប្រកបដោយស្នាមញញឹម ដែលអ្នកចម្ងាយមិនសូវស្គាល់លោក មើលទៅសក់ នឹកស្មានថាលោកជាមនុស្សកោងកាច។ តាមរយៈរូបថតជាច្រើនសន្លឹកជាមួយរដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនទៀតដែលលោកបង្ហាញនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ឲ្យដឹងថា រូបលោក និងតួល្បីៗធ្លាប់សម្ដែងនៅក្នុងផលិតកម្មរបស់លោកបានទៅចូលរួមព្រមគ្នា។

ទន្ទឹមគ្នានេះ លោកក៏បញ្ជាក់ថា ដ្បិតលោកទុកសក់វែង តែវាមិនបង្ហាញពីចរិតរបស់លោកទេ។ លោក លៀក លីដា៖ “សក់វែងក៏ពិតមែនតែ ការគោរពចំពោះចាស់ព្រឹទ្ធាចារ្យ ខ្ញុំតែងតែប្រកាន់ខ្ជាប់ខ្លួនជានិច្ច”។ ដំណើរឆ្ពោះទៅកាន់កម្មវិធីមហោស្រពភាពយន្ដដ៏អស្ចារ្យប្រចាំឆ្នាំ អមដោយតារាប្រុសល្បី ខាត់ វ៉ៃហាំង លោក លៀក លីដា ត្រូវបានក្រសែភ្នែកជាច្រើនបាញ់ឆ្ពោះទៅលោក និងតួប្រុសម្នាក់នោះ។ ក្រោយពីបញ្ចេញសារ និងរូបថតទាំងនេះ មានអ្នកគាំទ្រជាច្រើនបានបង្ហាញការគោរពស្រឡាញ់លោកកាន់តែច្រើន៕

ដកស្រង់ពី៖sabay