បណ្តាញសង្គម

១៤ឆ្នាំហើយ! ទីបំផុត​ Lexus GX 2024 កែរាងថ្មី កាន់តែធំ ម៉ាស៊ីនកាន់តែខ្លាំង

ជាលើកដំបូងក្នុងរយៈពេល១៤ឆ្នាំមកនេះ ទីបំផុត Lexus បានសម្រេចចិត្តកែរូបរាងថ្មីលើម៉ូឌែល GX 2024 ដែលទើបប្រកាសចេញក្តៅៗ។ មិនត្រឹមតែរូបរាងជ្រុងៗបែបថ្មីនោះទេ ប៉ុន្តែវាក៏មានទំហំធំជាងមុន ពិសេសម៉ាស៊ីនកាន់តែខ្លាំងផងដែរ។

រថយន្ត Lexus GX 2024 មានបណ្តោយ ៥០០៥មម (វែងជាងមុន ៧០មម), ទទឹង ២១១៧មម (ធំជាងមុន ៩៥មម), កម្ពស់ ពី ១៩១៥-១៩៣៥មម ផ្អែកតាមទំហំសំបកកង់។ ថ្វីបើ GX នេះ បោះបង់ចោលម៉ាស៊ីន V8 ក្តី ប៉ុន្តែជំនួសមកវិញនូវម៉ាស៊ីន V6 Twin-Turbo ចំណុះ ៣,៤លីត្រ ផលិតបានកម្លាំង ៣៤៩សេះ (ធំជាងមុន ៤៨សេះ) និងកម្លាំងរមួល ៦៥០ញូតុនម៉ែត្រ (ធំជាងមុន ៤៦ញូតុនម៉ែត្រ) ដំណើរការជាមួយប្រអប់លេខអូតូ ១០វគ្គ រត់កង់ទាំង៤។

ជាមួយគ្នានេះ Lexus GX 2024 ក៏មកជាមួយប្រណិតភាពនៅផ្នែកកាប៊ីនផងដែរ ជាមួយកុងទ័រឌីជីថល ១២,៣អ៊ីញ និងអេក្រង់ថាច់ស្គ្រីន ១៤អ៊ីញ អាចភ្ជាប់ Apple CarPlay និង Andriod Auto។ មិនតែប៉ុណ្ណោះ វាមានកន្លែងដាក់កែវទឹកចំនួន ១២ និងរន្ធសាកថ្មចំនួន៦ឯណោះ។ រថយន្ត SUV នេះមានជម្រើស option ចំនួន ៦ រួមមាន Premium, Premium+, Luxury, Luxury+ Overtrail និង Overtrail+។ Lexus នឹងបញ្ចេញលក់រថយន្តនេះ នៅដើមឆ្នាំ២០២៤ ប៉ុន្តែមិនទាន់បានប្រកាសពីតម្លៃរបស់វានៅឡើយទេ៕

ដកស្រង់ពី៖Sabay