បណ្តាញសង្គម

ចេញហើយ​ម៉ូឌែលថ្មីសន្លាងរបស់ Lexus គឺ TX 2024 កៅអី៣ជួរ មកជាមួយ​ជម្រើស​ម៉ាស៊ីន៣ផ្សេងៗគ្នា

Lexus បានប្រកាសចេញរថយន្ត SUV កៅអី៣ជួរ ថ្មីសន្លាងបំផុតរបស់ខ្លួនគឺ TX 2024 ដែលប្រើគ្រោងឆ្អឹងដូចគ្នានឹង Toyota Grand Highlander ដែរ។ ទំហំរបស់ TX នេះគឺមានបណ្តោយ ៥១៥៩មម, ទទឹង ១៩៨៩មម, កម្ពស់ ១៧៨១មម និងមានប្រវែងពីកង់មុខទៅកង់ក្រោយ ២៩៤៩មម។

អាចនិយាយបានថា Lexus ហាក់ដូចជាបញ្ចប់ជីវិតការឌីហ្សាប៉ាណាបែបបុរាណ Spindle Grill ហើយ ដោយ TX 2024 នេះ មកជាមួយការឌីហ្សាញប៉ាណាបែបថ្មីហៅថា «Unified Spindle» ស្រដៀងនឹង GX 2024 ដែល Lexus ទើបប្រកាសចេញដូចគ្នា រំលេចជាមួយអំពូល LED daytime running lightហើយរូបរាងរបស់វា រត់មិនចាញ់ខ្យល់ឡើយ (aerodynamic)។ ចំណែកចង្កៀងខាងក្រោយ ក៏លាតពេញជាពេញ Full LED Light Bar ដូច GX ផងដែរ។ ក្នុងផ្នែកកាប៊ីន វាបំពាក់កុងទ័រឌីជីថល ១២,៣អ៊ីញ និងអេក្រង់ថាច់ស្រ្គីន ១៤អ៊ីញ ព្រមទាំងមានអេក្រង់ Head Up Display ផងដែរ ហើយជាពិសេសគឺបំពាក់ Speaker Mark Levinsion ដល់ទៅ ២១គ្រាប់ឯណោះ។ ជាមួយគា្ននេះ TX ត្រូវបានបំពាក់ប្រព័ន្ធសុវត្ថិភាព Lexus Safety System+ 3.0។

រថយន្ត Lexus TX 2024 មានជម្រើសប្រើម៉ាស៊ីន៣ រួមមានដូចខាងក្រោម៖

១. Option TX 350: ម៉ាស៊ីនទាក់បូ ចំណុះ ២,៤លីត្រ ផលិតបានកម្លាំង ២៧៥សេះ និងកម្លាំងរមួល ៤២៩ញូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ រត់ប៉ុង២។

២. Option TX 500h F Sport Performance: ម៉ាស៊ីន Hybrid ចំណុះ ២,៤លីត្រ Turbocharged ផលិតបានកម្លាំង ៣៦៦សេះ និងកម្លាំងរមួល ៥៥៤ញូតុនម៉ែត្រ។ ដំណើរការជាមួយប្រអប់លេខអូតូ ៦វគ្គ។

៣. Option TX 550h+: ម៉ាស៊ីន Plug-in Hybrid V6 ចំណុះ ៣,៥លីត្រ ផលិតបានកម្លាំងសរុប ៤០៦សេះ ដំណើរការជាមួយប្រព័ន្ធប៉ុង២ Direct4។ បើរត់ដោយអគ្គិសនីសុទ្ធគឺសាកពេញធ្វើដំណើរបានចម្ងាយ ៥៣គីឡូម៉ែត្រ៕

ដកស្រង់ពី៖Sabay