បណ្តាញសង្គម

Microsoft បញ្ចូលមុខងារ សន្ទនាជាសំឡេងទៅក្នុងកម្មវិធី Bing Chat ដំណើរការនៅលើកុំព្យូទ័រ

ក្រុមហ៊ុន Microsoft បានបញ្ចូលមុខងារ សន្ទនាជាសំឡេងទៅក្នុងកម្មវិធី Bing Chat ដែលដំណើរការនៅលើកុំព្យូទ័រ។ ការបញ្ចូលមុខងារ សន្ទនាជាសំឡេងទៅក្នុងកម្មវិធី Bing Chat នឹងអនុញ្ញាតឱ្យប្រើ អាច voice ជាសំឡេងដើម្បីសួរសំណួរ ហើយកម្មវិធី Bing នឹងឆ្លើយតបចម្លើយ ជាសំឡេងមកវិញដូចគ្នា។

មុខងារថ្មីនេះ មិនខុសគ្នាពីកម្មវិធី Bing នៅលើទូរស័ព្ទឡើយ ដោយអ្នកប្រើកុំព្យូទ័រអាចចូលទៅចុចសញ្ញា មីក្រូហ្វូន នៅពេលចូលទៅក្នុងកម្មវិធីឆាត របស់ Bing បន្ទាប់មកអាចនិយាយជាសំឡេង ដើម្បីសួរសំណួរបាន។ Microsoft បាននិយាយថា កម្មវិធី chatbot របស់ខ្លួន សព្វថ្ងៃស្គាល់ភាសាចំនួន ៥ ដែលមានដូចជា ភាសា អង់គ្លេស ជប៉ុន បារាំង អាល្លឺម៉ង់ និង ចិន។

Microsoft ថាភាសាដទៃទៀតនឹងដាក់ឱ្យដំណើរការនៅពេលឆាប់ៗខាងមុខ។ Microsoft សម្រេចដាក់បញ្ចូលមុខងារសន្ទនាជាសំឡេងទៅក្នុងកម្មវិធី Bing Chat ជាជំហានមួយដែលមើលទៅ ក្រុមហ៊ុននេះអាចនឹងបោះបង់ចោលកម្មវិធី Cortana នៅលើ Windows នៅក្នុងឆ្នាំ ២០២៣នេះ។ Cortana ជាកម្មវិធីដែល Microsoft បង្កើតឡើងក្នុងគោលបំណងប្រើសំឡេងដើម្បីបញ្ជាឱ្យបើកកម្មវិធីណាមួយ នៅលើកុំព្យូទ័រ កំណត់ម៉ោង និង កំណត់កាលវិភាគជាដើម។ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ កំពុងបង្ហាញផ្លូវ ឱ្យអ្នកប្រើប្រាស់ ផ្លាស់ប្តូរមកប្រើកម្មវិធី Bing និង Bing Chatbot ដែលដំណើរការដោយប្រព័ន្ធ AI វិញម្តង៕

ដកស្រង់ពី៖Sabay