បណ្តាញសង្គម

ស្ថានភាពបង្ខំ ប៊ឺរី ប្រកាស​អីចឹង​ហ្មង ទទួល​កំដរ​ស្រីៗ និង​មេម៉ាយ តើ​ធ្វើលេង ឬមែន?

តារាសម្ដែង ប៊ឺរី បានបង្កភាពភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមនៅថ្ងៃទី ១០ មិថុនា នេះ បន្ទាប់ពីលោកបានបង្ហោះ ស្តេតធឹស មួយថា លោកទទួលកំដរនារី និងអ្នកមេម៉ាយទាំងឡាយ ដែលនេះជារឿងកម្របំផុតក្នុងសង្គមសិល្បៈខ្មែរ។

ស្តេតធឹស មួយនេះរបស់លោក ប៊ឺរី គឺមកជាមួយនឹងរូបភាពបែបគំនូរបង្ហាញពីទំនាក់ទំនងស្រើបស្រាលរបស់ប្រុស ស្ត្រី ១គូ។ រូបភាពនេះ គឺមានអក្សរថា "កំដរស្រី ស្រី និងមេម៉ាយ បើចាប់អារម្មណ៍ឆាតមកបាន លាក់ការជាសម្ងាត់ ១០០ ភាគរយ”។ អ្វីដែលគួរចាប់អារម្មណ៍ គឺរូបភាពនោះ លោកបានកាត់តដាក់មុខលោកជំនួសរូបគំនូរបុរស។

មិនត្រឹមប៉ុណ្ណឹង លោក ប៊ឺរី នៅភ្ជាប់ជាមួយ ខឹបសិន ខ្លីរបស់ខ្លួនមួយថា "ស្ថានភាពសិចកិច្ចជាអ្នកបង្ខំទេ គ្មានអ្នកណាចង់ចឹងទេបងអូន"។ ឃើញសារបង្ហោះមួយនេះ បានធ្វើឲ្យប្រិយមិត្តលើបណ្ដាញសង្គមភ្ញាក់ផ្អើល អ្នកខ្លះបានចូលមកសរសេរសារបញ្ចើចលោកក្នុងន័យលេងសើចថា "សាហាវណាស់បងខ្ញុំ!”។ ដោយឡែកអ្នកខ្លះទៀត ក៏ជូនពរលោកក្នុងកិច្ចការដែលលោកប្រកាសក្ដែងៗនៅថ្ងៃនេះ ហើយតារាប្រុសក៏បានចូលទៅសរសេរសារអរគុណទៅប្រិយមិត្តទៀតផង។ ពិភពលោកទាំងមូល បានដើរចូលក្នុងជ្រោះវិបត្តិសេដ្ឋកិច្ចបណ្ដាលមកពីកត្តាច្រើនយ៉ាង ដូចជាកូវីដ១៩ និងចុងក្រោយនេះ គឺសង្គ្រាមរុស្សី និងអ៊ុយក្រែនដែលអូសបន្លាយជាង ១ឆ្នាំមក។

ក្នុងស្ថានភាពនេះ ប្រទេសច្រើនណាស់រងខ្យល់វិបត្តិនេះ នេះបើជាសាកល។ បើនិយាយពីក្នុងប្រទេសមួយវិញ មានមនុស្សមិនតិចឡើយ ត្រូវជួបវិបត្តិសេដ្ឋកិច្ចគ្រានេះ។ ជាក់ស្ដែងនៅកម្ពុជា ថ្មីៗនេះសាយភាយរឿងធនាគារ ឬម្ចាស់អភិវឌ្ឍរឹបអូសផ្ទះមួយចំនួន បណ្ដាលមកពីម្ចាស់ផ្ទះមិនមានលុយបងសងត្រឡប់មកវិញ រហូតដល់សម្ដេចតេជោ ហ៊ុន សែន បានចេញប្រតិកម្មឲ្យបញ្ឈប់សកម្មភាពរឹបអូសនេះបន្ទាន់។

ដោយឡែកលោក ប៊ឺរី វិញ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា លោកជាម្នាក់នៅក្នុងចំណោមនោះដែរអ្នកជួបវិបត្តិក្នុងកាលៈទេសៈដែរ ឬយ៉ាងណានោះទេ បានជាលោក សុខៗចេញមកបង្ហោះសារបែបនេះ។ ប៉ុន្តែចំណុចគួរកត់សម្គាល់១ លោកទើបនឹងប្រកាសលក់រថយន្តផ្ទាល់ខ្លួនម៉ាកឡិចស៊ីស១គ្រឿងថ្មីៗ។ ក្រៅពីនេះ នៅលើគណនីហ្វេសប៊ុក សារដែលបង្ហោះភាគច្រើនរបស់លោក គឺត្អូញត្អែរពីរឿងអត់លុយនេះតែម្ដង។

ទោះបែបនេះក្ដី តាមរយៈ សារបង្កឲ្យភ្ញាក់ផ្អើលនៅថ្ងៃនេះ បើមើលទៅសារភាគច្រើននៅលើ ផុសរបស់លោកនេះ គេគិតថា ប៊ឺរី លេងសើចច្រើនជាង៕

 

 

ដកស្រង់ពី៖ Sabay