បណ្តាញសង្គម

ជួបបញ្ហាបាត់​ទឹកស្អំរថយន្ត​ ៣​ចំណុចនេះ អាចសាកល្បង​ប្តូរគម្របធុងទឹកជាមុនសិន បើមិនចង់ចូលជាង

ភាគច្រើននៃរថយន្តបច្ចុប្បន្ននេះ គឺសុទ្ធតែបានជួបប្រទះនឹងបញ្ហាបាត់ទឹកស្អំ និងពេលខ្លះបានបាត់រហូតដល់រីងស្ងួតអស់ ធ្វើឱ្យម៉ាស៊ីនឡើងកម្តៅគុបប៉េរលត់តាមផ្លូវផងដែរ។ វាមានមូលហេតុច្រើនណាស់នៃការបាត់ទឹកស្អំពីធុងទឹកនេះ ហើយដើម្បីរកកំហូច គឺមានតែចូលយានដ្ឋានជួសជុលតែប៉ុណ្ណោះ។

យ៉ាងណាមិញ បញ្ហាបាត់ទឹកស្អំខ្លះ គឺបណ្តាលមកពីការខូចគម្របធុងទឹក (Radiator Cap) ពោលគឺគ្រាន់តែប្តូរគម្របនេះចេញសិនជាការស្រេច ដោយមិនចាំបាច់ចូលការ៉ាស់ឡើយ ហើយចាំតាមដានបន្តទៀត ថាតើវានៅបាត់ទឹកទៀតឬអត់។ ការខូចគម្របធុងទឹកនេះ នឹងបង្ហាញចេញសញ្ញាធំៗ៣ដូចខាងក្រោម៖

១. ហៀរទឹកស្អំចេញពីធុងទឹកតាមគម្រប។ ចំណុចនេះ គឺយើងអាចមើលឃើញផ្ទាល់ភ្នែកខ្លួនឯង ក្នុងពេលបញ្ឆេះម៉ាស៊ីន ដោយបញ្ជាក់ថា វាខូចគម្របហើយ ដែលមិនអាចទប់ជាប់ការហៀរចេញទឹកនេះបាន។

២. ទឹកស្អំខ្ពុលចេញពីធុងទឹកសាគួរ។ នៅពេលដែលគម្របធុងទឹកខូច នឹងធ្វើឱ្យប៉ះពាល់ដល់សម្ពាធលំហូរទឹកស្អំ ពោលគឺនឹងធ្វើឱ្យទឹកបុកខ្លាំងជាងមុនចូលក្នុងធុងទឹកសាគួរ ជាហេតុធ្វើឱ្យទឹកត្រូវហៀរចេញតាមគម្របធុងទឹកសាគួរ។ យ៉ាងណាមិញ លោកអ្នកក៏ត្រូវប្រាកដដែរថា បានចាក់ទឹកចូលក្នុងធុងទឹកសាគួរ ត្រឹមគំនូស Full ប៉ុណ្ណោះ មិនមែនចាក់ពេញនោះទេ។

៣. ម៉ាស៊ីនឡើងកម្តៅ។ ត្រង់ចំណុចនេះ នៅពេលដែលគម្របធុងទឹកខូច នោះគឺវាមិនអាចគ្របជិតល្អឡើយ ដែលបណ្តាលឱ្យមានខ្យល់ចូលដល់ទុយោ ពេលកំពុងបញ្ឆេះរថយន្ត។ ពេលនោះ ម៉ាស៊ីននឹងឡើងកម្តៅ ព្រោះតែវាមិនអាចដំណើរការលំហូរទឹកបានគ្រប់គ្រាន់ដើម្បីទៅស្អំម៉ាស៊ីនឱ្យនៅត្រជាក់បានឡើយ៕

ដកស្រង់ពី៖Sabay